(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គម្រោងសាងសង់ឡើងវិញ និងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នេះ មានប្រវែងសរុបជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ត្រង់ចំណុចគីឡូម៉ែត្រលេខ៦+០០៨ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដល់ឃុំសំបូរ (ថ្នល់កែង) ត្រង់គីឡូម៉ែត្រលេខ៤៦+៥០០ ចំណុចបំបែកផ្លូវជាតិលេខ៦១ ស្ថិតក្នុងស្រុកបាធាយ ខេត្ដកំពង់ចាម។ កំណាត់ផ្លូវនេះ បានសាងសង់ស្ពានថ្មីចំនួន ២៦កន្លែង ប្រវែងសរុប ១,៣៧០ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ០៩កន្លែង ប្រវែងសរុប ២៣៨ម៉ែត្រ សង់ស្ពានរំលង ០១កន្លែង និងផ្លូវតភ្ជាប់ប្រវែង ១,០០០ម៉ែត្រ។
លោកទេសរដ្ឋមន្រ្តីបន្តថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ស្តង់ដារផ្លូវកម្រិតទី១ តាមគំរូបទដ្ឋានបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានទទឹងសរុបប្រវែង ២៦ម៉ែត្រ ក្នុងនោះ ទទឹងទ្រូងផ្លូវសម្រាប់រថយន្តចរាចរណ៍ប្រវែង ២០,៥០ម៉ែត្រ ចែកជា៤គន្លង (ពីរទៅ ពីរមក) ដែលគន្លងនីមួយៗ មានទទឹង៣,៥០ម៉ែត្រ ផ្លូវម៉ូតូមាន២គន្លង (មួយទៅ មួយមក) គន្លងនីមួយៗ មានទទឹង ៣ម៉ែត្រ។ ដោយឡែកសម្រាប់ផ្លូវក្នុងក្រុងមានដាំ បង្គោលអគ្គិសនីមួយជួរលើសួនកណ្តាលទ្រូងផ្លូវ និងមានលូបង្ហូរទឹកភ្លៀង។
គម្រោងនេះ បានចំណាយថវិកាសរុប ៧០,២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌ មិនទាន់ផ្ទះ។ អនុវត្ដការសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និង ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន របស់សាធារណរដ្ឋប្រជាមានិតចិន (Guangzhou Wanan Construction Supervision Co.,Ltd.) ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដែលចាប់ផ្ដើមពីខែមករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដោយសារសេដ្ឋកិច្ចលូតលាស់ និងមានកំណើនចំនួនប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយកំណាត់ ផ្លូវជាតិលេខ៦ ធ្វើឱ្យចរាចរណ៍នៅលើកំណាត់ផ្លូវនេះ មានការកើន ឡើងយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងទៀតកំណាត់ផ្លូវចាស់ ដែលមានទទឹងក្រាល កៅស៊ូត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដែលមិនអាចឆ្លើយតបទៅ នឹងស្ថានភាពបច្ចុប្បន្នបានឡើយ ការធ្វើចរាចរណ៍ មានស្ថានភាពតូចចង្អៀត បង្កឲ្យមានការកកស្ទះ ជារឿយៗ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជួយដល់ការអភិវឌ្ឍនៅតំបន់សងខាងផ្លូវ និងតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៦នេះ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងខ្លាំង នៃប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ពន្ធ័ដឹកជញ្ជូន របស់កម្ពុជា ជាពិសេស ផ្លូវជាតិលេខ៦នេះតែម្តង គឺទាមទារឲ្យមានការពង្រីក បង្កលក្ខណៈទូលាយ ទំនើប មានបរិស្ថានល្អ ផាសុកភាព និងសុវត្ថិភាព។ លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែម។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងទៀតថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ កាន់តែឆាប់រហ័ស ពិសេសជួយធ្វើឱ្យចរាចរណ៍មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើនការអភិវឌ្ឍ រីកចម្រើន នៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងដើម្បីទាក់ទាញការវិនិយោគ និង ទេសចរណ៍ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍន៍ថ្មីៗ របស់ប្រទេសកម្ពុជា៕