(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យ Fresh News ដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ នេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេស មកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។
គម្រោងនេះ បានប្រើរយៈពេលសាងសង់ ៣០ខែ ដោយប្រើថវិកាសរុបចំនួន ៦០,៩០លានដុល្លាអាមេរិក ក្នុងនោះមានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤,៩០លានដុល្លាអាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍចំនួន ៣៦លានដុល្លាអាមេរិក។ ការសាងសង់បានបញ្ចប់ជាស្ថាព នៅខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺបញ្ចប់មុនផែនការចំនួន ៤ខែ។
លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្រោយពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២នេះ ដាក់ឱ្យដំណើរការ អង្គភាពរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចបម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានប្រមាណ ៣៣១ពាន់អតិថិជនក្នុងឆ្នាំ២០១៧នេះ។ ការផ្តល់សេវាជូនប្រជាពលរដ្ឋនឹង សម្រេចបានប្រមាណ៨៥ភាគរយ។
លោករដ្ឋមន្រ្តី ចម ប្រសិទ្ធ បានឲ្យដឹងដែរថា ស្របតាមល្បឿននៃការអភិវឌ្ឍប្រទេសជាតិ តម្រូវការប្រើប្រាស់ទឹកស្អាតនៅ ទូទាំងប្រទេសក៏មានសន្ទុះ កើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅរាជធានីភ្នំពេញ ជាមធ្យមមានអតិថិជនថ្មីប្រមាណ ១៤,០០០គ្រួសារ ត្រូវបានផ្គត់ផ្គង់ទឹកស្អាតបន្ថែម ក្នុងមួយឆ្នាំៗ បើគិតចាប់ពីឆ្នាំ២០០៤ រហូតមក។
លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងសំណូមពរប្រើប្រាស់ទឹក នៅរាជធានីភ្នំពេញ ដែលចេះតែកើនឡើងយ៉ាងគំហុកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការវិនិយោគ លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកជាបន្តបន្ទាប់ ដូចជាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងពង្រីកបណ្តាញចែកចាយទឹកសរុបជាទឹកប្រាក់វិនិយោគចំនួន ១១៥លានដុល្លាអាមេរិក ក្នុងនោះអង្គភាពបានចំណាយថវិកាបដិភាគចំនួន ១៣លានដុល្លាអាមេរិក និងថវិកាកម្ចីពីដៃគូអភិវឌ្ឍចំនួន ១០២លានដុល្លាអាមេរិក មានដូចជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD), ធនាគារពិភពលោក(WB), និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។
បន្ថែមលើការវិនិយោគដ៏ធំនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលហិរញ្ញប្បទានផ្ទាល់លើកទី៣ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ព្រមទាំងបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រើប្រាស់ថវិកាបដិភាគរបស់ខ្លួន ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានសមត្ថភាពផលិត ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់នៅជំហានទី១ ចំនួន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ៕