(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល១៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង និងរថយន្ត១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយានយន្ត។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៣លើក បណ្ដាលឲ្យស្លាប់១៤នាក់ របួសធ្ងន់ចំនួន២១នាក់ និងរងរបួសស្រាលចំនួន១១នាក់៕