(ភ្នំពេញ)៖ ក្រុមហ៊ុន Precision Car  ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ដស៊េរីទំនើបម៉ាក Porsche ក្រៅពីខិតខំផ្គត់ផ្គង់ផលិតផល មានគុណភាពខ្ពស់ហើយនោះ នៅដើមខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានសហការ ជាមួយភោជនីដ្ឋាន Digiby រៀបចំកម្មវិធីសប្បុរសធម៌មួយ ដល់កុមារកំព្រាចំនួន៥០នាក់ នៅអង្គការ Cambodia Children's Fund ។

កម្មវិធីសប្បុរសធម៌នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបជុំគ្នា ដើម្បីហូបអាហារសាមគ្គី និងបើកឡានលេងកម្សាន្ដ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខ។ អ្វីដែលពិសេសបំផុត គឺការអប់រំ និងបញ្ជ្រៀបការយល់ដឹងអំពីច្បាប់ចរាចរផ្លូវគោកដល់ក្មេងៗ ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរ រួមទាំងការលេងល្បែងកម្សាន្ដមួយចំនួនទៀតផងដែរ ។

ថ្លែងក្នុងឪកាសនោះ លោក Michael Vetter នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Porsche បានបង្ហាញពីក្ដីរំភើបរីករាយ ចំពោះសកម្មភាពសប្បុរសធម៌របស់ខ្លួនលើកនេះ ខណៈកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនទើបតែផ្ដល់នូវអណ្ដូងទឹកស្អាតចំនួន ៨កន្លែងដល់ប្រជាពលរដ្ឋខេត្តកំពង់ធំប្រើប្រាស់ ហើយលោកបានចាត់ទុកនេះ គឺជាសកម្មភាពមួយ ដើម្បីរួមចំណែកការងារអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ។

លោកបានបន្ដទៀតថា ដរាបណាក្រុមហ៊ុននាំចូលរថយន្ដ Porsche នៅតែទទួលបានការគាំទ្រពីអតិថិជន ក្រុមហ៊ុននឹងបន្ដរៀបចំសកម្មភាពសប្បុរសធម៌បន្ថែមទៀត ដើម្បីជំរុញជីវភាពប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើរ ដូចជាការចូលរួមផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំ និងសុខភាពផ្សេងៗជាដើម៕