(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង៤ពាន់នាក់ មកពីក្រសួងចំនួន៣ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ចាប់តាំងពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ សម្តេចតេជោ ហ៊ុន សែន បានបើកការជួបពិភាក្សាជាបន្តបន្ទាប់ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមទាំងបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងសមាជិក សមាជិកា មកពីតាមបណ្តាក្រសួងស្ថាប័ននានា។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការសួរសុខទុក្ខ មុនការឈានចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏ជាការជួប ដើម្បីពង្រឹងស្មារតី និងត្រៀមលក្ខណៈសម្បត្តិ ចូលរួមប្រកួតប្រជែងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលនឹងឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ៕