(សេអ៊ូល)៖ កម្រិតសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ប្រទេស កូរ៉េខាងជើង ស្ថិតក្នុងភាពមន្ទិលដែលយើងមិនទាន់អាចវាស់ស្ទង់បាននៅឡើយ ប៉ុន្តែបើនិយាយពីភាពស្ទាត់ជំនាញក្នុងការបង្កររឿង ឬការគំរាមកំហែងគូសត្រូវច្បាស់ណាស់ថា វាជាជំនាញយ៉ាងពិតប្រាកដរបស់ ប្រទេសដ៏អំណួតមួយនេះ។

ក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានព្រមានជនបរទេសដែលកំពុងរស់នៅក្នុងដែនដីកូរ៉េខាងត្បូងថា ពួកគេគួរតែចាកចេញពីប្រទេសជាគូសត្រូវរបស់ខ្លួនឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបានដើម្បីសុវត្ថិភាព ដោយខ្ល្លួនអាចនឹងបំផ្ទុះសង្គ្រាម ក្នុងពេលឆាប់ៗខាងមុខ។ ប៉ុន្តែនេះជារឿងគួរអស់សំណើចបំផុត ព្រោះសូម្បីប្រជាពលរដ្ឋកូរ៉េខាងត្បូងទាំងមូល ហាក់មិនបង្ហាញក្តីរន្ធត់ណាមួយ ចំពោះការគំរាមដដែលៗទាំងនេះឡើយ។ នេះជាការលើកឡើងរបស់លោក Andrei Lankov អ្នកនិពន្ធសៀវភៅ«ការពិតនៅកូរ៉េ»។

ហេតុអ្វីបានជាប្រជាពលរដ្ឋកូរ៉េខាងត្បូង ហាក់គ្មានក្តីបារម្ភបែបនេះ? ព្រោះថាប្រទេសកូរ៉េខាងជើង ទំនងជាមិនអាចបំផ្ទុះសង្គ្រាមឡើយ ដោយមូលហេតុ៤សំខាន់ៗដូចខាងក្រោម៖

១៖ លោក គីម ជុងអ៊ុន មិនមែនជាមនុស្សឆោតល្ងង់៖
មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន មិនដូចជាលោក អូសាម៉ាប៊ិនឡាដិន ដែលហ៊ានពលីជីវិតដើម្បីអ្វីនោះឡើយ ហើយមេដឹកនាំរូបនេះ ក៏មិនមែនជាបុគ្គលសាសនាជ្រុលនិយម ដែលជឿផ្កាប់មុខថា នឹងទទួលបានរង្វាន់ពីព្រះជាម្ចាស់ ក្រោយពេលស្លាប់អីនោះដែរ។
គ្មានហេតុផលណាមួយ ដែលមេដឹកនាំផ្តាច់ការក្មេងខ្ចីរូបនេះ ត្រូវលះបង់ជីវិតរបស់ខ្លួនក្នុងសង្គ្រាមនោះឡើយ ដោយលោកដឹងថា មានអ្វីៗល្អជាច្រើនរង់ចាំ ហេតុនេះលោកចាំបាច់ត្រូវការជីវិតដើម្បីរស់បន្តទៀត។ នេះជាហេតុផលមួយដែលកូរ៉េខាងជើង មិនមានបំណងចង់បំផ្ទុះសង្គ្រាម។

២៖ រឿងគ្រប់យ៉ាងគ្រាន់តែដើម្បីកំញើញសហគមន៍អន្តរជាតិ៖
បើមិនមានបំណងចង់បំផ្ទុះសង្គ្រាម ហេតុអ្វីកូរ៉េខាងជើង ចូលចិត្តគំរាមពិភពលោកខ្លាំងបែបនេះ? ទីមួយដោយសារចង់គំរាមមហាអំណាច ហើយទីពីរ ដោយសារការកំញើញសហគមន៍អន្តរជាតិបានផ្តល់ផលចំណេញច្រើនល្មមអាចទទួលយកបាន សូម្បីអតីតមេដឹកនាំលោក គីម ជុងអ៊ីល ក៏ធ្លាប់លេងល្បែងបែបនេះដូចគ្នា។

កន្លងមកកូរ៉េខាងជើងធ្លាប់ទទួលបានផលចំណេញជាច្រើន ក្នុងកិច្ចចរចាជាមួយអន្តរជាតិ បន្ទាប់ពីការគំរាមកំហែងនាពេលកន្លងមក ជាក់ស្តែង ដូចជា ការទទួលជំនួយស្បៀងអាហារ ការកសាងរោងចក្រថាមពលនុយក្លេអ៊ែរ និងតំបន់វិនិយោគទុនជាដើម។

លោក Max Fisher របស់សារព័ត៌មាន Washington Post បានប្រដូចលោក គីម ជុងអ៊ុន ទៅនឹងក្មេងតូចដែលឆាប់ខឹងម្នាក់។ លោកលើក ឡើងថា សហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់ ចំពោះកូរ៉េខាងជើង ហើយបានផ្តល់ជាជម្រើសផ្សេងៗជាថ្នូរនឹងការបញ្ឈប់ការគំរាមកំហែង។ នេះមិនមែនដោយសារអាមេរិកជឿថា ការគំរាមកំហែងបែបលេងសើចមួយនេះគឺជាការពិតនោះទេ។ សហរដ្ឋអាមេរិកក៏មិនបានគិតផងដែរថា លោក គីម គួរទទួលបានអ្វីដែលអាមេរិកផ្តល់ឱ្យនោះ តែដោយសារមហាអំណាចគ្រាន់តែចង់លួងមេដឹកនាំក្មេងខ្ចីរូបនេះឱ្យស្ងប់ចិត្ត និងបាត់ខឹងប៉ុណ្ណោះ។

សារព័ត៌មាន BBC News បានព្យាករណ៍ថា ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗរបស់កូរ៉េខាងជើង ក្នុងមួយឆ្នាំៗត្រឹមតែពី១,០០០ ទៅ២,០០០ ដុល្លារប៉ុណ្ណោះ ហើយកូរ៉េខាងជើងមានធនធានធម្មជាតិតិចតួច ជាមួយនឹងដៃគូពាណិជ្ចកម្មតែមួយប្រទេស ហេតុនេះការទទួលបានជំនួយ ពីបរទេស វាហាក់ច្រើសលើសលុបសម្រាប់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងទៅហើយ។

៣៖ ចិនមិនមែនជាខ្នងបង្អែកដ៏ពិតប្រាកដ របស់កូរ៉េខាងជើងនោះទេ៖
បើទោះបីជាចិន មានភាពខ្លាំងក្នុងការរក្សាការពាររបបដឹកនាំបែបកុម្មុយនីសកូរ៉េខាងជើង ឱ្យមានដង្ហើមរស់បន្តរហូតមកទល់ពេលនេះក្តី ប៉ុន្តែពេល ខ្លះចិនក៏ធ្លាប់បង្ហាញសញ្ញានៃភាពអស់កម្លាំង និងចង់ដោះដៃពីសម្ព័ន្ធមិត្តមួយនេះផងដែរ។ ជាក់ស្តែង រដ្ឋាភិបាលក្រុង ប៉េកាំង ធ្លាប់ ធ្វើជាដៃគូ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មដ៏តឹងរឹងទៅលើប្រទេស កូរ៉េខាងជើង បន្ទាប់ពីប្រទេសមួយនេះ បាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទីបី។

ថ្មីៗនេះដែរ ប្រទេស ចិន បានប្រកាសថា នឹងបិទមិនឱ្យភ្ញៀវទេសចរណ៍ចូលទៅកំសាន្តក្នុងប្រទេសកូរ៉េខាងជើងឡើយ ក្នុងគោលដៅដើម្បី បំបាក់សេដ្ឋកិច្ចប្រទេសសម្ព័ន្ធមិត្ត និងជិតខាងមួយនេះ។

ជាងនេះទៅទៀតនោះ លោកប្រធានាធិបតី ស៊ី ជិនពីង ធ្លាប់បានលើកឡើងថា «គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាត ឱ្យបំផ្លាញសន្តិសុខក្នុងតំបន់ ឬពិភពលោកទាំងមូល ដើម្បីកេងផលចំណេញដ៏អាត្មានិយមរបស់ខ្លួនបានឡើយ»។ សំដីបែបនេះ ស្តែងឱ្យឃើញថា ប្រទេសចិន មិនមានបំណងចង់ចូលដៃជាមួយកូរ៉េខាងជើង ដើម្បីបំផ្ទុះសង្គ្រាមនោះឡើយ។ វាបានធ្វើឱ្យកូរ៉េខាងជើងមានអារម្មណ៍រងា មិនមានទំនុកចិត្តក្នុងការបំផ្ទុះសង្គ្រាម។

៤៖ កូរ៉េខាងជើងដឹងច្បាស់ថា ខ្លួនពិតជាចាញ់សង្គ្រាម៖
ប្រទេស កូរ៉េខាងជើង អាចប្រមូលបានយោធាសរុប១,១លាននាក់ ដែលតួលេខនេះ ឈរចំណាត់ថ្នាក់ធំជាងគេទី៤លើពិភពលោក នេះបើយោងតាមសារព័ត៌មាន NBC News។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ អាវុធរបស់កូរ៉េខាងជើងហួសសម័យណាស់ទៅហើយ គឺតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។

ចំណែកដៃគូជម្លោះសួរពូជរបស់កូរ៉េខាងជើង គឺប្រទេស កូរ៉េខាងត្បូង មានបងធំសហរដ្ឋអាមេរិកជាខ្នងបង្អែក ដែលត្រៀមជាស្រេចក្នុងការជួយ ដល់សម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួនដរាបជាប់ជានិច្ច។ ច្បាស់ណាស់ថា កូរ៉េខាងជើងទំនងជាអាចបង្ហូរឈាម គូសត្រូវបានត្រឹមក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ដំបូង ប៉ុន្តែនៅទីបញ្ចប់កូរ៉េខាងជើងច្បាស់ជាបរាជ័យដោយមិនអាចប្រកែកបាន។ បើដូច្នេះ តើកូរ៉េខាងជើងហ៊ានបំផ្ទុះសង្គ្រាមដែរឬទេ?

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា