(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៣គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង និងរថយន្ត៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយានយន្ត។

សូមបញ្ជាក់ថា រយៈពេល១ខែមី​​នា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៣២៦លើក បណ្ដាលឲ្យស្លាប់១៦៧នាក់ របួសធ្ងន់ចំនួន៣០៨នាក់ និងរងរបួសស្រាលចំនួន១៦៨នាក់៕