(បាត់ដំបង)៖ លោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន អគ្គនាយកភ្នាក់ងារកម្ពុជានាវាចរ «កាំសាប» បានដឹកនាំប្រតិភូសម្ព័ន្ធមេត្រីភាព និងលោក ប៉ែន រដ្ឋា តំណាងផ្សារទំនើបសូរិយា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានទៅចុះសួរសុខទុក្ខ និងសំណេះសំណាលនាយទាហាន ពលទាហាន គ្រួសារកងទ័ពនៅកងការពារព្រំដែនគោកលេខ៥០២ ចំណុះភូមិភាគ៥ មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការប្រចាំទិសសំឡូត តំណាងលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការភូមិភាគ៥ មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០២ អភិបាលស្រុកសំទ្បូត និងកងកម្លាំងក្នុងភូមិសាស្ត្រ ស្រុកសំឡូត។
ក្រោយរបាយការណ៍ស្វាគមន៍ របស់កងការពារព្រំដែនគោកលេខ៥០២ និងមតិថ្លែងអំណរគុណរបស់មេបញ្ជាការប្រចាំទិសសំឡូតរួចមក លោកបណ្ឌិត រស់ វណ្ណា បានលើកពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយស្របតាមអនុសាសន៍ និងពាក្យស្លោករបស់សម្តេចតេជោ «ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ នឹងផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ» និងបានបកស្រាយ ពីស្ថានភាពនយោបាយបច្ចុប្បន្ន នយោបាយភូតកុហក របស់គណបក្សប្រឆាំង និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល បានបង្កើតឡើង និងកំពុងខិតខំអនុវត្តបន្ត។
ក្នុងដំណើរចុះសួរសុខទុក្ខនេះលោកបណ្ឌិត រស់ វណ្ណា រួមនិងសម្ព័ន្ធមេត្រីភាពផ្សារទំនើបសូរិយា បានឧបត្ថម្ភសំភារៈរួមមាន៖ អង្ករ, ស្បៀងអាហារ, សំភារៈគ្រឿងសំណង់, វិទ្យុទាក់ទង, ម៉ូទ័រកាត់ដែក, ម៉ាស៊ីនផ្សារដែក, អាគុយ, សំបក់កង់រថយន្ត ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៤០,០០០រៀល ដល់នាយទាហានម្នាក់ និងពលទាហានចំនួន៣០០ នាក់ ក្នុងកងការពារព្រំដែនគោកលេខ ៥០២ និងឧបត្ថម្ភអង្គពិធី ១,០០០,០០០ លានរៀល សរុបរួមជាទឹកប្រាក់ប្រមាណ ៩៧,២៨៩,០០០ រៀល៕