(ភ្នំពេញ)៖ វិស័យកសិកម្មនៅតែជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា គ្រាដែលប្រជាពលរដ្ឋ កម្ពុជាប្រមាណជា ៨៥ភាគរយ គឺជាកសិករ។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន ៧ចំណុច ដើម្បីលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ។
អនុសាសន៍ ដែលផ្តល់ជូនក្នុងពិធីបិទសន្និបាទកសិករលើកទី៨ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ រួមមាន៖
១៖ កសិករដែលទទួលបានជ័យលាភី ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព និងបច្ចេកទេសដើម្បីកែលម្អ និងបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម និងការធ្វើអាជីវកម្មសមស្របតាមតម្រូវការទីផ្សារ ដើម្បីធានានូវសុវត្ថិភាព សុខុមាលភាព សាធារណៈ និងបរិស្ថាន។ ទន្ទឹមនឹងនេះ ក៏ត្រូវចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ និងប្រមូលផ្តុំចងក្រងជាសហគមន៍ កសិកម្ម ដើម្បីពង្រឹងទំហំផលិតកម្ម ទាក់ទងទីផ្សារ និងបង្កើនចំណាច ក្នុងការចរចាតម្លៃទាំងក្នុងស្រុក និងសម្រាប់ការនាំចេញ។
ទី២៖ ត្រូវពង្រីកមុខរបរផលិតកម្ម តាមរយៈការដាំដុះច្រើនមុខ ឬពង្រីកវិសាលភាពដាំដុះទ្រង់ទ្រាយតូច ទៅជាទ្រង់ទ្រាយមធ្យម តាមរយៈការប្រើប្រាស់បច្ចេកទេសដាំដុះទំនើប បច្ចេកទេសសន្សំសំចៃទឹក ការប្រើប្រាស់ធាតុចូលមានគុណភាព និងក្នុងបរិមាណសមស្រប ដើម្បីកាត់បន្ថយចំណាយផលិតកម្ម ធានានូវសុវត្ថិភាពផលិតផល និងមានឧត្តមភាព ក្នុងការប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងនាំចេញ។
ដូចនេះ ទាំងកសិករ និងសហគមន៍កសិកម្ម ត្រូវរៀបចំផែនការផលិតកម្ម និងផែនការអាជីវកម្ម ត្រូវយល់ដឹងឲ្យច្បាស់ជាអាទិ៍ ប្រក្រតិទិនដាំដុះដំណាំ ផលប្រយោជន៍នៃការធ្វើដំណាំឆ្នាស់ ការប្រើប្រាស់ពេលវេលាដាំដុះ ឲ្យបានត្រឹមត្រូវ និងស្វះស្វែងរកប្រភពព័ត៌មានទាក់ទងនឹងបច្ចេកទេសថ្មីៗ តម្រូវការទីផ្សារ ពិសេសតម្លៃទីផ្សារ និងតម្លៃផលិតផល។
ទី៣៖ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវកត់ត្រា និងចងក្រងនូវរាល់បទពិសោធន៍ ជំនាញ និងការអនុវត្តល្អៗ របស់កសិករជ័យលាភី និងកសិករគំរូ ទុកជាឯកសារ ដើម្បីធ្វើការផ្សព្វផ្សាយ និងការកែលម្អបច្ចេកទេស។
ទី៤៖ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ត្រូវសហការជាមួយ ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន និងអ្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីផ្តួចផ្តើមគំនិត រៀបចំវេទិកាជួបជុំ និងពិព័រណ៍ផលិតផលកសិករ និងសហគមន៍កសិកម្ម ដើម្បីផ្លាស់ប្តូរបទពិសធន៍ និងស្វែងរកទីផ្សារសម្រាប់ពួកគាត់។
ទី៥៖ តាមរយៈអង្គវេទិកា ខ្ញុំសូមអំពាវនាវ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អង្គភាពជំនាញក្រោមឱវាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកពីតាមបណ្តាខេត្ត និងរាជធានី ជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ តាមគ្រប់រូបភាព ទៅដល់បងប្អូនប្រជាកសិករទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៦៖ ការរៀបចំសន្និបាតកសិករឆ្នាំនេះ បានរកឃើញនូវបទពិសោធន៍ថ្មីៗ បន្ថែមទៀត ដែលទុកជាមេរៀនសម្រាប់ធ្វើការវាយតម្លៃ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រៅពីនោះក៏ត្រូវត្រួតពិនិត្យពីការប្រកួតប្រជែង ថាតើនៅមានចំណុចខ្វះខាតដែលមិនទានបានយកមកបង្ហាញដើម្បីធ្វើការកែលម្អឲ្យបានគ្រប់ជ្រុងជ្រោយ។
ទី៧៖ ចំពោះបងប្អូនប្រជាកសិករដែលមិនទទួលបានជ័យលាភីក្នុងឆ្នាំនេះ សូមបងប្អូនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមប្រកួតសន្និបាតកសិករឆ្នាំក្រោយទៀត។ ម្យ៉ាងទៀត ចំពោះកសិករឆ្នើម ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់ លេខ១ ចំនួន៧រូប ក្រសួង នឹងអញ្ជើញមកចូលរួមនៅក្នុងឱកាសសន្និបាត កសិកម្មទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៦-០៧ និងទី១០ ខែមេសាខាងមុខនេះ។
ក្នុងឱកាសនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពានាវ ដល់គ្រប់ដៃគូអភិវឌ្ឍន៍ ទាំងអស់ ចូលរួមសហការជាបន្តទៀត សម្រាប់ឆ្នាំក្រោយៗទៀត ក្នុងន័យធ្វើយ៉ាងណាឲ្យការរៀបចំ សន្និបាតកសិករកាន់តែ មានប្រសិទ្ធភាព និងធ្វើការអំពាវនាវឲ្យកែលម្អចំណុចខ្វះខាតឲ្យបានល្អប្រសើរ៕