(ឥណ្ឌូនេស៊ី)៖ បុរសជាកសិករជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងពោះរបស់សត្វពស់ថ្លាន់យក្ស បន្ទាប់ពីសត្វពស់ បានលេបចូលទៅក្នុងពោះ ហើយត្រូវគេចាប់បាននៅជិតនឹងកន្លែង ដែលបុរសរងគ្រោះបានបាត់ខ្លួន ខណៈកំពុងប្រមូលកសិផលរបស់គាត់។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
សាកសពបុរសវ័យ២៥ឆ្នាំ ឈ្មោះ Akbar ត្រូវបានរកឃើញ នៅពេលដែលប្រជាជនក្នុងតំបន់ វះពោះសត្វពស់ថ្លាន់ប្រវែង៧ម៉ែត្រនេះ ដែលគេប្រទះឃើញពោះរបស់វាប៉ោងធំ នៅក្នុងភូមិ Salubiro ភាគខាងកើតកោះ Sulawesi របស់ឥណ្ឌូនេស៊ី នេះបើតាមសម្តីលោក Junaidi មន្ត្រីជាន់ខ្ពស់របស់ភូមិ បានឲ្យដឹងយ៉ាងដូច្នេះ។
លោក Junaidi បន្ថែមថា ក្រុមគ្រួសារសាច់ញាត្តិ បាននាំគ្នាស្វែងរកជនរងគ្រោះ បន្ទាប់ពីលោក Akbar មិនបានត្រឡប់មកផ្ទះវិញ ក្រោយពីទៅចំការកាលពីថ្ងៃអាទិត្យ។ សត្វពស់បានលេបជនរងគ្រោះទាំងមូល ដោយនេះគឺជាករណីមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងភូមិ Salubiro នេះ។
សូមរំលឹកថា ក្នុងឆ្នាំ២០១៣ សន្តិសុខម្នាក់ បម្រើការងារនៅលើកោះ Bali ដែលជាកោះទេសចរណ៍ ត្រូវបានសម្លាប់ដោយពស់ថ្លាន់មួយក្បាល នៅឯសណ្ឋាគារដ៏ប្រណិតមួយ ទល់មុខនឹងឆ្នេរសមុទ្រ៕