Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនម្នាក់ទៅទិញម្ហូប នៅផ្សារត្រពាំងថ្លឹង ត្រូវក្មេងពាលមិនស្គាល់មុខ កាប់ដោយដាវសាម៉ូវៃ បណ្តាលឲ្យរងរបួសដេរអស់ជិត២០ថ្នេរ

29-03-2017 11:19

(ភ្នំពេញ)៖ យុវជនម្នាក់បានជិះម៉ូតូមកទិញ ម្ហូបអាហារនៅផ្សារត្រពាំងថ្លឹង ត្រូវក្មេងពាលមិនស្គាល់មុខ កាន់ដាវសាម៉ូរៃ មកកាប់ប្រហារ បណ្តាលឲ្យរងរបួសពីកន្លែង ដេរអស់ជិត២០ថ្នេរបន្ទាប់ ក្រោយពីបានបង្កហេតុកាប់លើជនរងគ្រោះហើយនោះ ជនដៃដល់បានរត់គេចខ្លួន បាត់ស្រមោល។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នាពេញផ្សារត្រពាំងថ្លឹង រត់ជាន់ជើងគ្នាព្រោងព្រាតនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន រិទ្ធ អាយុ២១ កម្មករសំណង់ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ស្រុកកំណើត ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ រូបគេបានជិះម៉ូតូមកកាន់ផ្សារត្រពាំងថ្លឹង ដើម្បីមកទិញម្ហូបអាហារ ពេលនោះរូបគេ មិនទាន់នឹងបានទិញម្ហូបផង ស្រាប់តែលេចមុខក្មេងពាល ដែលជាជនដៃដល់មិនស្គាល់មុខម្នាក់ កាន់ដាវសាម៉ូរៃ១ដើម មកកាប់លើរូបគេ បណ្តាលឲ្យរងរបួសក្បាល ហើយនិងដោះខាងឆ្វេង ដេរអស់ជិត២០ថ្នេរ។

ក្រោយកើតហេតុជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ តាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕