(ភ្នំពេញ)៖ បើទោះបីក្រុមជម្រើសជាតិកម្ពុជា បានរងនូវការបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហ្ស៊កដានី ដោយលទ្ធផល ៧-០ កាលពីយប់មិញក្ដី ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការអបអរសាទរ និងគាំទ្រលើកទឹកចិត្តកីឡាករនៃក្រុមរហស្សនាមគោព្រៃកម្ពុជាឲ្យបន្ដការខិតខំបន្ថែមទៀត ព្រោះការប្រកួតមានឈ្នះ-ចាញ់ជារឿងធម្មតា ។
ក្រោយបញ្ចប់ការប្រកួតភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រ Facebook ផ្ទាល់របស់សម្ដេចថា «សូមអបអរសាទរក្រុមកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយ ក្រុមកីឡាបាល់ទាត់ ហ៊្សកដានី(Cambodia -០ vs Jordan-7) ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី ឆ្នាំ២០១៩ វគ្គជម្រុះជុំចុងក្រោយ (AFC Asian Cup 2019 Final Group Qualifiers ) ដែលទើបបានបញ្ចប់ នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II នៅមុននេះបន្តិច» ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ខ្ញុំសូមកោតសរសើរ ចំពោះសមត្ថភាពក្មួយៗកីឡាករជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អក្នុង លក្ខណៈមិត្តភាពអន្តរជាតិ ដែលបានបង្ហាញឲ្យឃើញពីការរីកចម្រើន វិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង។ ចាញ់ឈ្នះគឺជាការធម្មតា សង្ឃឹមថាក្មួយៗកីឡាករនឹងខិតខំ លេងឲ្យកាន់តែល្អ ដើម្បីទទួលជ័យជំនះនៅក្នុងការប្រកួតលើកក្រោយ។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រវិស័យកីឡា និងសូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការប្រកួតលក្ខណៈអន្តរជាតិខាងមុខទៀត» ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានរកបូតអស់៣ពិន្ទុទៅហើយ នៅក្នុងការប្រកួតបើកឆាកពូល C នៃវគ្គជម្រុះពានរង្វាន់ Asian Cup 2019 ពូលC បន្ទាប់ពីរងនូវការបរាជ័យខាងលើ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះហ្ស៊កដានីកាលពីយប់មិញ គឺរកបានដោយកីឡាករ Hamza Aldaradreh ៣គ្រាប់, កីឡាករ Yaseen Bakheet ១គ្រាប់, កីឡាករ Odai All Saify ១គ្រាប់, កីឡាករ Ahmad Saleh ១គ្រាប់, កីឡាករ Hamza Aldaradreh ១គ្រាប់, និងគ្រាប់ចុងក្រោយបំប៉ោងសំណាញ់ទីដោយកីឡាករ Mahamoud Almardi ១គ្រាប់ ៕