(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ រស់នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២១៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមីនាម្សិលមិញ បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន៤៥២៥នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៥៧៣នាក់ ជំងឺ ស្ត្រី៥១១នាក់ ជំងឺផ្លូវដង្ហើម៣១៥នាក់ ជំងឺផ្លូវចិត្ត៣១២នាក់ ជំងឺឬសដូងបាត២៩២នាក់ ជំងឺទឹកនោមផ្អែម៤១២នាក់ ជំងឺមាត់ធ្មេញ២៧៧នាក់  ជំងឺភ្នែកចំនួន២៧៩នាក់ និងជំងឺទូទៅ ៥៤៨នាក់។

លោក ផែត ផុន ប្រជាពលរដ្ឋដែលរស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និង​​អ្នកភូមិជាច្រើន សូមថ្លែងអំណរ​គុណ​​យ៉ាងជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមដែលបានចុះមក ពិនិត្យព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ ហើយការចុះមកជួយរបស់ក្រុមគ្រូពេទ្យនេះ ​បានជួយដល់អ្នកភូមិ ស្រុកច្រើនណាស់ដូចជាកាត់បន្ថយភាពក្រីក្រ ព្រោះអ្នកភូមិមានជីវភាពក្រីក្រ និងមានអ្នកជំងឺច្រើន ខ្ញុំក៏សូមស្នើឲ្យឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋឲ្យ បានច្រើនដងថែមទៀត»។

អ្នកស្រី ង៉ែត ង៉ត ប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ បានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះខ្ញុំពិតជាមានភាពរីករាយ សប្បាយចិត្តណាស់ដោយ មានការចុះមកជួយ ពិនិត្យព្យាបាល​ដោយឥតគិតថ្លៃរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ខ្ញុំបានសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនទៅដល់លោក ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យទាំង​អស់ជួបតែសុខភាពល្អ រកស៊ីទទួលទានមានបានតរៀងទៅ»។

អ្នកស្រីបន្ដថា «ការចុះមកជួយនេះ បានផ្ដល់ប្រយោជន៍ច្រើនណាស់ដ៏អ្នកភូមិឃុំកក់នេះ ព្រោះអាចជួយកុំឲ្យ​អ្នកស្រុកភូមិចំណាយលុយ ដើម្បីទិញថ្នាំ ហើយខ្ញុំក៏ដូចជាអ្នក​ស្រុកភូមិសូមស្នើសូមឲ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចុះមកជួយប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងញឹកញាប់»។

សូមបញ្ជាក់ថារយៈពេល៥១ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៥២១នាក់ ចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៦៩លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៨៤០៣៣នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៧។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហា
សុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យ​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារ​មានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕