(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១៤នាក់ និងរបួសស្រាល៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង រថយន្ដធុនធំ៥គ្រឿង និងអ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, មិនគោរពសិទ្ធ៤លើក, ស្រវឹង១លើក និងមិប្រកាន់ស្ដាំ២លើក ។
សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៦៥លើក បណ្ដាលឲ្យមនុស្សស្លាប់១២៨នាក់ របួសធ្ងន់ចំនួន២៤៨នាក់ និងរងរបួសស្រាលចំនួន១៣៨នាក់៕