(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។
អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្នុងពេលសម្តេចអញ្ជើញទៅសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីសម្តេចបានពិនិត្យឃើញអគារសិក្សាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចនាំមកនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗសម្រាប់សិស្ស។
អគារសិក្សានៅ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ស្ថិតនៅក្នុងក្រុងក្រចេះនេះ គឺជាអគារសិក្សាទី២ហើយ បន្ទាប់ពីអគារសិក្សានៅវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក នៅក្នុងខេត្តកំពង់ចាម ដែលសម្តេចតេជោ ហ៊ុន សែន បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៧នេះ។
ក្នុងពេលបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងាររបស់ក្រសួងអប់រំកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យអប់រំ គឺជាវិស័យសំខាន់បំផុតសម្រាប់ជាតិ ដែលត្រូវយកចិត្តទុកដាក់ទាំងក្នុងសម័យបច្ចុប្បន្ន និង ទៅជំនាន់ក្រោយៗទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសដែរថា ការប្រឹងប្រែងជំរុញឲ្យក្មេងៗទទួលបានការអប់រំ គឺជាការប្តេជ្ញាចិត្តមួយនៅក្នុងជីវិតរបស់សម្តេច ពោលសម្តេចមិនចង់ឃើញក្មេងៗសម័យបច្ចុប្បន្នបាត់បង់ឱកាសសិក្សា និងជួបការកម្សត់ដូចកុមារភាពរបស់សម្តេចនោះឡើយ។ សម្តេចបានរំលឹកថា ក្នុងកុមារភាពរបស់សម្តេច ព្រោះតែការខ្វះសាលារៀននេះ បានធ្វើឲ្យសម្តេចធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីលោកឪពុក អ្នកម្តាយតាំងពីវ័យ ១៤ឆ្នាំ ដើម្បីមកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ។
ឈរលើស្មារតីដ៏មុតស្រួចលើវិស័យអប់រំនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៥មកនោះ ការសាងសង់អគារសិក្សា គឺជារឿងដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តចុះតាមខេត្តពាក់ កណ្តាលឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ន សែន បានផ្ដល់អគារសិក្សាថ្មីចំនួន ៣៦៨ខ្នង ស្មើនឹង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនឹង ១០១បន្ទប់ សាលប្រជុំ ៣ខ្នង និងផ្ទះគ្រូ ២ជាន់ ចំនួន ៥៩ខ្នង មាន ៦២០បន្ទប់។
លោក ហង់ ជួនណារ៉ុន បានឲ្យដឹងដែរថា គិតមកដល់ខែមីនា ឆ្នាំ២០១៧នេះ សំណង់អគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមានចំនួនសរុប ៤,១៤០ខ្នង ស្មើនឹង ២៤,១០៥បន្ទប់ ក្នុងនោះវិទ្យាល័យ ១,២១១ ស្នើនឹង ៨,០៣១បន្ទប់ អនុវិទ្យាល័យចំនួន ៥០៨ខ្នង ស្មើនឹង ២,៨៧៨បន្ទប់ និងបឋមសិក្សាចំនួន ២,៤០៦ខ្នង ស្មើនឹង១២,៩៩៥បន្ទប់ ដោយរួមបញ្ជូលអគារសិក្សាចំនួន ៣,៦១២ខ្នង ទីចាត់ការ ២៩០ខ្នង អគារស្នាក់នៅចំនួន ៧៨ខ្នង អគារកាត់ដេរចំនួន ១៣០ខ្នង សាលាមតេយ្យសិក្សាចំនួន ៥ខ្នង និងសាលសហសិក្សាចំនួន១០ខ្នង៕