Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យបន្លែនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង តែរកមិនឃើញខូចគុណភាពនោះទេ

26-03-2017 19:35

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំ នៅច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង បានបន្តចុះត្រួតពិនិត្យ បន្លែនាំចូលពីប្រទេសវៀតណាម មានដូចជា ក្រូចឆ្មារ ផ្ទេសប្លោក ការ៉ុត ខ្ទឹមបារាំង និងបន្លែជាច្រើនមុខទៀត។

មន្ត្រីកាំកុងត្រូលប្រចាំច្រទ្វារត្រពាំងផ្លុង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថាៈ ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមមាត់ច្រកព្រំដែន នៅតែបន្តសកម្មភាពឥតឈប់ឈរ សំដៅ បង្ការ ទប់ស្កាត់ និងបង្ក្រាប អោយបានទាន់ពេលវេលា នូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹងចរាចរចែកចាយ នៅលើទីផ្សារប្រទេសកម្ពុជា ស្របតាមអនុសាសន៍ណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវ ផ្នែកសុវត្ថិភាពចំណីអាហារ កិច្ចការការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែងដោយស្មោះត្រង់ ក្នុងនោះបានណែនាំឲ្យមន្ត្រីកាំកុងត្រូល គ្រប់ច្រកព្រំដែនទាំងអស់ ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញនៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ ។

ជាក់ស្តែង ក្រោយការពិនិត្យលើបន្លែទាំងនោះ គឺមិនបានប្រទះឃើញបន្លែដែលសល់យូរ ស្អុយរលួយ ដែលបណ្តាលអោយខូចគុណភាពនោះទេ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូលបាន យកបន្លែជាគំរូរទាំងនោះ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលខូចសុខភាព អ្នកទទួលទានជាបន្តទៀត ៕