(តាកែវ)៖ លោក ហ៊ុយ វណ្ណៈ បានផ្តួចផ្តើមចងក្រង ក្រុមអតីតសិស្សសាលា «បានយ» រួមគ្នារៀបចំកម្មវិធី «រាត្រីកតញ្ញូចំពោះគ្រូយើង» ដើម្បីជាកិច្ចតបស្នងសងគុណសដល់លោកគ្រូ-អ្នកគ្រូ ដែលបានបណ្តុះបណ្តាល ចាប់តាំងពីថ្នាក់បឋមសិក្សារហូត ដល់ចប់ថ្នាក់វិទ្យាល័យ។
កម្មវិធីនេះរៀបចំនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យ «បានយ» ស្ថិតក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានអ្នកចូលប្រមាណ៥០០នាក់ ក្នុងនោះមាន អតីតសិស្ស សិស្សថ្នាក់ទី១២ទាំងអស់ នៃសាលាបានយ លោកគ្រូអ្នកគ្រូ គ្រូចូលនិវត្តន៍ ប្រធាននិងអនុប្រធានភូមិទាំង៦នៃឃុំអង្កាញ់ មេឃុំនិងក្រុមប្រឹក្សាឃុំអង្កាញ់ និងដោយមានការអញ្ជើញ ចូលពីអភិបាលនៃស្រុក៣ របស់ខេត្តតាកែវ គឺស្រុកព្រៃកប្បាស ស្រុកសំរោង និងស្រុកអង្គរបុរី ហើយក៏បាននិមន្តព្រះសង្ឃចូលរួមផងដែរ។
កម្មវិធី «រាត្រីកតញ្ញូចំពោះគ្រូយើង» ក្រោមពាក្យស្លោក «កតញ្ញូមិនសាបសូន្យ!» គឺផ្តួចផ្តើមនឹងដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ជាអតីតសិស្សសាលាបានយ បច្ចុប្បន្នមានតួនាទីជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (សសសក) និងជាទីប្រឹក្សាជាន់ខ្ពស់នៃទូរទស្សន៍ CNC និងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា «យើងត្រូវតែមានគុណធម៌ និងកតញ្ញូចំពោះអ្នកទាំងឡាយ ដែលមានចំណែកក្នុងជីវិតយើង។ ពេលផឹកទឹកសូមនឹកដល់ប្រភព សូមអរគុណដល់អ្នក ដែលមានចំណែកក្នុងជីវិតយើង»។
រាត្រីកតញ្ញូចំពោះគ្រូយើង អាចធ្វើទៅបាន ក៏ដោយសារមានការចូលរួម និងគាំទ្រពីអ្នកទាំងអស់គ្នា។ ការចូលរួមគឺសំខាន់ណាស់។ រយៈពេល៣៨ឆ្នាំ ទម្រាំយើងមានលទ្ធភាពរួមគ្នាបង្កើតកម្មវិធីនេះឡើង ហើយនេះក៏ជាលើកដំបូងដែរ ដែលកើតឡើងនៅសាលា បានយ។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា សម្រាប់អ្នកបានធ្វើពលិកម្ម គឺនៅពេលដែលយើងទទួលស្គាល់ និងដឹងគុណបែបនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ចំពោះគាត់។ ពលរដ្ឋល្អ សីលធម៌សង្គម និងកិត្តិនាមថ្លៃថ្នូររបស់ប្រជាជាតិមួយ គឺកើតឡើងពីគុណធម៌និងកតញ្ញូនេះ។ ផ្ទុយទៅវិញ បើមិនទទួលស្គាល់ ក៏មិនត្រូវប្រមាថដែរ។
លោក ហ៊ុយ វណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា មូលហេតុដែលអញ្ជើញប្អូនៗកំពុងរៀនថ្នាក់ទី១២ឲ្យចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីបង្កើតភាពជាគំរូ និងបណ្តុះទឹកចិត្តឲ្យប្អូនៗ ត្រូវបន្តវេនវប្បធម៌កតញ្ញូនេះ តទៅទៀតទាំងចំពោះ ឪពុកម្តាយ បងប្អូន អ្នករស់នៅជិតខាង មិត្តភក្តិ លោកគ្រូអ្នកគ្រូ អជ្ញាធរ និងថ្នាក់ដឹកនាំយើងផងដែរ។ ប្អូនៗឥឡូវ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់ ដូច្នេះត្រូវចាប់យកឱកាសនេះខិតខំសិក្សាព្រោះថា អនាគតក្នុងចំណោមប្អូនៗនៅទីនេះ អាចក្លាយជារដ្ឋមន្ត្រី អ្នកខ្លះជាចៅហ្វាយខេត្តក៏អាចថាបាន។ កូនកសិករជាច្រើនរូបដែល មានប្រភពពីខេត្តតាកែវ ធ្លាប់បានធ្វើជាប្រមុខរដ្ឋជាឧបនាយករដ្ឋមន្ត្រី ជាតំណាងរាស្ត្រ អាជីវករ ពាណិជ្ជករ និងជាអ្នកមានតួនាទីនិងមានកេរ្តិ៍ឈ្មោះល្អជាច្រើនរូប។
ក្នុងឱកាសនោះ អតីតសិស្សសាលា បានយ បានប្រគល់វត្ថុអនុស្សាវរីយ៍ទៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាលាវិទ្យាល័យបានយ, លោកគ្រូអ្នកគ្រូទាំងចូលនិវត្តន៍ និងលោកគ្រូអ្នកគ្រូនៅសាលា៥ ទូទាំងឃុំអង្កាញ់ ដែលមានដូចជា ម៉ាស៊ីនកុំព្យូទ័រយួរដៃ ម៉ាស៊ីនព្រីនទ័រ ក្រដាស សៀវភៅ មី ទឹកក្រូច ទឹកដោះគោឆៅ និងថវិកា។ អតីតសិស្សសាលា បានយ ក៏បានឧបត្ថម្ភថវិកាដល់អាជ្ញាធរស្រុក មេឃុំនិងក្រុមប្រឹក្សាឃុំ មេភូមិនិងអនុភូមិទាំង៦ក្នុងឃុំអង្កាញ់ មេប៉ុស្តិ៍និងនគរបាលប៉ុស្តិ៍ រួមទាំងក្រុមតន្ត្រីផងដែរ។
សូមជម្រាបថា កម្មវិធីរាត្រីកតញ្ញូចំពោះគ្រូយើងនៅសាលាបានយ អ្នកចូលរួមទទួលបាននូវភាពរីករាយនិងស្នាមញញឹម ជាមួយនឹងការចងចាំល្អៗ តាមរយៈការរួមគ្នាបង្ហាញ ពីការដឹងគុណដល់លោកគ្រូអ្នកគ្រូរបស់ខ្លួន ការរូបភាពថតអនុស្សាវរីយ៍ ការលេងល្បែងកំសាន្តប្រជាប្រិយ៍ ការជួបជុំទទួលទានអាហារ និងការរាំកម្សាន្តសប្បាយជាមួយគ្នា៕