(ក្រចេះ)៖ ចាស់ក្មេងសរុប ៦នាក់ រួមនិងមនុស្សវិកលចរិតម្នាក់ផងនៅក្នុងគ្រួសារក្រីក្រមួយស្ថិតនៅក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវប្រឈមនិងការលំបាកក្នុងជីវិត បន្ទាប់ពីបង្គោលគ្រួសាររបស់ពួកគេត្រូវកម្លាំងជលផលចាប់ខ្លួនបញ្ជូនឲ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ព្រោះតែប្រើឧបករណ៍ឆក់ត្រី។
លោក ភួង ណាន អាយុ ៤០ឆ្នាំ ត្រូវបានមន្រ្តីជលផលខេត្តក្រចេះ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានចេញទៅឆក់ត្រីនៅតាមទន្លេ។ ជាមួយនិងកាតឃាត់ខ្លួននេះ កម្លាំងជលផលរឹបអូសបានទូកម៉ាស៊ីនម៉ាកកាវ៉ា កម្លាំង ៦សេះចំនួន០១គ្រឿង អាំងវែកទ័រឆក់ត្រី ០១គ្រឿង អាគុយ ៥០អំពែរ ដងឆក់ចំនួន០២ កន្ត្រកដងត្រីចំនួន ០១ និងត្រីចម្រុះមួយចំនួន។
ច្បាប់ គឺត្រូវតែអនុវត្តន៍គ្រប់ជនទាំងឡាយដែលអនុវត្តន៍ខុសច្បាប់ ដើម្បីការពារធនធានត្រី ហើយត្រូវតែអនុវត្តន៍ឲ្យបានតឹងរឹងថែមទៀតផង ដើម្បីមនុស្សរាងចាល និងចូលរួមគោរពច្បាប់ដែលមានជាធរមាន។ តែអ្វីជាចំណោទ និងត្រូវបានពិចារណានៅពេលនេះ ក្រោយពេលការឃាត់ខ្លួនលោក ភួង ណាន បានធ្វើឲ្យសមាជិកក្នុងគ្រួសារក្រីក្រសរុប ៦នាក់ រួមមានម្តាយចាស់ជរា និងមនុស្សវិកលចរិតម្នាក់ ទៀត ត្រូវជួបការលំបាកកាន់តែខ្លាំងថែមទៀត ព្រោះគ្រួសារនេះពឹងផ្អែកតែលើលោក ភួង ណា ជាអ្នករកស៊ីចិញ្ចឹម។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកាកុត និងបានដឹងពីស្ថានភាពជីវភាពដ៏លំបាករបស់លោក ភួង ណាន បានសំណូមពរមន្រ្តីតុលាការខេត្តក្រចេះ មេត្តាសម្របសម្រួលផ្លូវច្បាប់ណាមួយ ដើម្បីបានបន្ធូរបន្ថយទោសខ្លះដល់លោក ភួង ណាន ឆាប់បានរួចពីទោសទណ្ឌចេញមក ឃុំគ្រង និងមើលថែក្រុមគ្រួសាររបស់គាត់ ដែលកំពុងតែវេទនា៕