(ស្ទឹងត្រែង)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងពិធីបុណ្យទន្លេ លើកទី៣ នៅខេត្តស្ទឹងត្រែង នៅតែបន្ដទទួលបានការគាំទ្រខ្លាំង ពីមហាជនប្រៀបដូចបុណ្យទន្លេនៅខេត្តក្រចេះ និងខេត្តកំពង់ចាមដែរ។
ជាក់ស្ដែងការប្រកួតនាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង និងភ្ញៀវទេសចរ យ៉ាងច្រើនកុះករបានចូលរួមទស្សនាកម្សាន្ដ ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយទទួលបាន ការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានកីឡាករ១០នាក់ស្មើនឹង៥គូចូលរួម ដែលសុទ្ធសឹងជាកីឡាករ មានសមត្ថភាព និងល្បីក្នុងប្រទេសកម្ពុជា ។ ចំពោះលទ្ធផល គឺកីឡាករ ឡាញ់ វិចិត្រ ឈ្នះពិន្ទុ សំណាង ចៅចិត្ត , វុត្ថា សានលីញ ឈ្នះពិន្ទុ សារ៉ាក់ ផល្លី, អ៊ូច ធារិទ្ធ ឈ្នះពិន្ទុ លី តឿន ។ កីឡាករ តក សោភ័ណ្ឌ ប្រកួតស្មើពិន្ទុកីឡាករ ឃឹម ពេជ្រ និងកីឡាករ នឿង រ៉ា ប្រកួតស្មើពិន្ទុ សល់ អាមូល ។
តាមរយៈការប្រកួតគុនខ្មែរនេះ គេសង្កេតឃើញមានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងជាងប្រភេទកីឡាផ្សេងៗ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែរៀបចំក្នុងពិធីបុណ្យទន្លេ។ ប៉ុន្ដែកីឡាមួយចំនួន ដូចជាកីឡារត់ចម្ងាយ និងកីឡាជិះកង់លក្ខណៈកម្សាន្ដ និងកីឡាចំបាប់ជាដើម ក៏តែងទទួលបានការគាំទ្រ និងចូលរួមច្រើនផងដែរ។ ដោយហេតុនេះ NOCC នៅតែប្ដេជ្ញារៀបចំសកម្មភាពកីឡាផ្សេងៗ ឲ្យកាន់តែល្អប្រសើរ ដើម្បីបង្កភាពសប្បាយរីករាយ ជូនភ្ញៀវជាតិ និងអន្ដរជាតិចូលរួមក្នុងបុណ្យទន្លេ។
សូមបញ្ជាក់ថា បុណ្យទន្លេឆ្នាំ២០១៧នេះ គឺធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនានេះ នៅខេត្តស្ទឹងត្រែង ហើយក្នុងនោះ NOCC បានកំណត់យកកីឡា ១១ប្រភេទ សម្រាប់ប្រកួត និងសម្ដែងជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្ដ រួមមានកីឡារត់កម្សាន្ដ, កីឡាជិះកង់, បាល់ទាត់, បាល់ទះ, វាយសី, ទាញព្រ័ត្រ, ប្រដាល់គុនខ្មែរ, កីឡារាំ, ល្បុក្កតោ, ចំបាប់ និងកីឡាទូកកា ដែលនឹងចាប់ផ្ដើមជាបន្ដបន្ទាប់ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ។ ប៉ុន្ដែក្នុងនេះមានកីឡា ២ប្រភេទបានបញ្ចប់ការប្រកួតហើយ រួមមានកីឡារត់កម្សាន្ដ និងប្រដាល់គុនខ្មែរ ៕