(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រតិកម្មខ្លាំងៗ ចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ ដែលដាក់ចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ» ដែលមានប្រសិទ្ធភាពខ្លាំង មិនត្រឹមតែអាចផ្តាច់គ្រឿងញៀននោះទេ ថែមទាំងមានប្រសិទ្ធភាពច្រើនមុខទៀត។
ចំពោះករណីនេះ ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រច្បាស់លាស់ ក្នុងការបញ្ជាក់ពីស័ក្តិសិទ្ធិភាព ដែលអាចផ្តាច់គ្រឿងញៀននោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃគ្រឿងញៀន។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ប្រសិទ្ធភាពនៃការព្យាបាលអ្នកញៀនគ្រឿងញៀន វាអាស្រ័យលើការអប់រំ ការប្តេជ្ញាចិត្តថែទាំរបស់អាណាព្យាបាល ដល់អ្នកញៀនគ្រឿងញៀន និងការឧបត្ថម្ភពីសហគមន៍ ហើយសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់រូបកុំជឿតាមការឃោសនាបំផ្លើសខុសពីការពិត អំពីប្រសិទ្ធភាពនៃឱសថផ្តាច់គ្រឿងញៀននេះ និងសូមឲ្យប្រជាពលរដ្ឋ ចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល»។
លើសពីនេះទៀតនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ខ្លួននឹងចាត់ឲ្យនាយកដ្ឋានជំនាញ ចុះទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាង ស្វែង សុជាតា ដើម្បីស្វែងរកការពិតផងដែរ៕