(ភ្នំពេញ)៖ ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ ស្តីពីការធ្វើសមាជខុសច្បាប់​ជ្រើសរើសក្បាលម៉ាស៊ីន គណបក្សសង្គ្រោះជាតិ នឹងធ្វើឡើងនៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។

ការចាត់តាំងតំណាងក្រសួងឲ្យប្រជុំជាមួយបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំលិខិតផ្លូវការមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ ដើម្បីសុំជួបសម្តេចក្រឡាហោម ស ខេង ពន្យល់អំពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា។

លិខិតរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ បានជូនដំណឹងថា សមាជរបស់គណបក្សសង្រ្គោះជាតិ រើសតាំងប្រធាន និងអនុប្រធានថ្មី ខុសលក្ខន្តិកៈនោះ ហើយក្រសួងនេះ ក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ។

តំណាងក្រសួងមហាផ្ទៃ ដែលត្រូវជួបពិភាក្សាជាមួយបក្សប្រឆាំងនាពេលខាងមុខនេះ គឺលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ។ ការជួបនោះគឺជាជំនួបថ្នាក់បបច្ចេកទេស មិនមាននៅក្នុងក្របខណ្ឌនយោបាយនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជដើម្បីជ្រើសរើស ក្បាលម៉ាស៊ីនដដឹកនាំថ្មីរបស់គណបក្សបន្ទាប់ពី លោក សម រង្ស៊ី លាចេញពីតំណែង។

បន្ទាប់ពីធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យ លោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ ហើយមានអនុប្រធាន ៣នាក់ រួមមាន លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង។ ជាមួយគ្នានេះ បក្សប្រឆាំងក៏បានបង្កើតសារនយោបាយមួយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដែលមេឃុំ ចៅសង្កាត់ជាច្រើនចាត់ទុកថា ជាការប្រមាថដល់កិត្តិយសរបស់ពួកគេ៕