Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សសង្រ្គោះជាតិ ដាក់លិខិតផ្លូវការស្នើសុំជួបសម្តេចក្រឡាហោម ស ខេង ដើម្បីជជែកពីការផ្តល់សុពលភាពបក្ស

23-03-2017 20:00

(ភ្នំពេញ)៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើលិខិតមួយច្បាប់ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើសុំជួបជជែកពីរឿងផ្តល់ សុពលភាពជូនគណបក្សសង្រ្គោះជាតិ។

សំណើរបស់គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជជ្រើសរើសមេដឹកនាំគណបក្សកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នេះ គឺជាសមាជមួយ បានធ្វើឡើងខុសពីលក្ខន្តិកៈបក្សនាំឲ្យពិបាកក្នុងការផ្តល់សុពលភាព។

បើតាមលិខិតរបស់លោក យឹម សុវណ្ណ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះនាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គណបក្សនឹងចាត់បញ្ជូនតំណាងចំនួន ៥រូប ទៅជួបពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ហើយរំពឹងសម្តេចនឹងអនុញ្ញាត ឲ្យមានជំនួបក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា បានបើកសមាជវិសាមញ្ញ ដើម្បីជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្ស សង្រ្គោះជាតិ លោក ប៉ុល ហំម លោក អេង ឆៃ អ៊ាង និងលោកស្រី មូរ សុខហួរ ជាអនុប្រធាន។

សមាជនេះ ត្រូវបានក្រសួងមហាផ្ទៃរកឃើញថា ធ្វើឡើងផ្ទុយពីលក្ខន្តិកៈបក្សត្រង់ប្រការ៤៧ ត្រេ២ ដែលបានចែងថា ការតែងតាំងប្រធានថ្មី ត្រូវធ្វើឡើងយ៉ាងតិច ១៨ខែ ក្រោយប្រធានបក្សចាស់លាលែងចេញពីតំណែង៕