(ឡុងដ៍)៖ ស្លាប់២នាក់ក្នុងនោះស្រ្តីម្នាក់ និងរងរបួសជាច្រើននាក់ នៅខាងក្រៅសភា បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅរដ្ឋសភា របស់អង់គ្លេស។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយ Update នាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។
ប៉ូលិសអង់គ្លេស បានឲ្យដឹងថា ហេតុការណ៍នេះបានចាត់ទុកថា វាគឺជាហេតុការណ៍ភេរវកម្ម។ មន្ត្រីសភាមួយរូបបានឲ្យដឹងថា មនុស្សចំនួន២នាក់ ត្រូវបានគេបាញ់ប្រហារ នៅខាងក្រៅសភា ហើយអគារសភា ត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកសមាជិកសភាដែលកំពុងប្រជុំនោះ ត្រូវបានណែនាំឲ្យស្ថិតនៅក្នុងអគារសភា។
ចំនួនជនរងគ្រោះ និងមូលហេតុ មិនច្បាស់លាស់នៅឡើយទេ គ្រាន់តែដឹងក្មេងសិស្សសាលាក៏ស្ថិតនៅក្នុងហេតុការណ៍។ ចំណែកស្រ្តីម្នាក់ត្រូវបានស្រង់ចេញទន្លេរងរបួសធ្ងន់។ សម្លេងផ្ទុះនៃការបាញ់កាំភ្លើង បានលឺឡើងនៅខាងក្រៅ សភាចក្រភពអង់គ្លេស ហើយមនុស្សចំនួន២នាក់ត្រូវបានគេរាយការណ៍ថាស្លាប់។
លោកស្រីនាយករដ្ឋមន្ត្រី Theresa May គឺមានសុវត្ថិភាព បន្ទាប់ពីមានការបាញ់ប្រហារនៅខាងក្រៅនៃអគារសភា។ នេះបើតាមអ្នកនាំពាក្យរបស់ លោកស្រី បានឲ្យដឹងយ៉ាងដូច្នេះ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា អ្នកស្រីនាយករដ្ឋមន្ត្រី ស្ថិតនៅទីណានោះទេ នៅពេលដែលការវាយ ប្រហារបានកើតឡើង៕