(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ អញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ ៩៨៤នាក់ នារី ៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ Fresh News ឲ្យដឹងថា សញ្ញាបត្រដែលសម្តេចតេជោ ហ៊ុន សែន ត្រូវប្រគល់ជូននាថ្ងៃនេះ រួមមាន៖ គ្រូឧទ្ទេសអធិការអប់រំចំនួន២០នាក់ និស្សិតអធិការអប់រំចំនួន៣១នាក់ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងអប់រំជំនាន់ទី៣ ចំនួន១៥នាក់ គរុនិស្សិតឧត្តមបរិញ្ញាបត្របូក១ ជំនាន់ទី២១ ចំនួន៨៧១នាក់ គរុសិស្សមូលដ្ឋានឯកទេស ភាសាបារាំង-ខ្មែរ ១២បូក២ ជំនាន់ទី១៨ ចំនួន៤៧រូប។
គរុសិស្ស និស្សិត ដែលបញ្ចប់ការសិក្សា និងទទួលបានបរិញ្ញាបត្រនៅថ្ងៃនេះ នឹងក្លាយជាធនធានថ្មីបន្ថែមទៀត សម្រាប់ជួយដល់វិស័យអប់រំ និងជួយបណ្តុះបណ្តាលកូនខ្មែរ។ លោក រស់ សាលីន បានឲ្យដឹងដែរថា នៅកម្ពុជានាពេលបច្ចុប្បន្នមានគ្រូសរុបជាង ៩ម៉ឺននាក់ ខណៈបុគ្គលិកអប់រំមានជាង ១០ម៉ឺននាក់៕