(វ៉ាស៊ីនតោន)៖ នាយក FBI លោក ជែម ខូមី បានទទួលស្គាល់នៅថ្ងៃចន្ទនេះថា ពិតជាមានការស៊ើបអង្កេតលើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ លោក ខូមី ក៏បានអះអាងដែរ ថារុស្ស៊ីបានប្រើប្រាស់ជនទីបីដើម្បីទម្លាយសារអេឡិចត្រូនិចឬ Email របស់ក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យ ឱ្យទៅគេហទំព័រ Wikileaks។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC ថ្ងៃទី២១ ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅអំឡុងសវនាការស្ដាប់ចំពោះមុខសភាអាមេរិក លោក ជែម ខូមី បានគូសបញ្ជាក់ដូច្នេះថា៖ «ការស៊ើបអង្កេតគឺត្រូវបានធ្វើឡើងដើម្បី ស្វែងរកប្រភព ដើមនៃទំនាក់ទំនងរវាងបុគ្គលមួយចំនួន ដែលមានជាប់ពាក់ព័ន្ធ នឹងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតនៃលោក ដូណាល់ ត្រាំ ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី បូករួមទំាងថាតើមានការសម្របសម្រួលរវាងយុទ្ធនាការ និងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដែរឬទេ។ ដែលហាក់មើលទៅទីក្រុងមូស្គូ បានប្រើប្រាស់ភាគីទីបី ដើម្បីទំនាក់ទំនងជាមួយ Wikileaks ចេញផ្សាយសារអេឡិចត្រូនិច ឬ Email ដែលត្រូវបាន Hack ពីគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC)នៃ គណបក្សប្រជាធិបតេយ្យ»។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះដែរ លោក ដូណាល់ ត្រាំ និងទីក្រុងមូស្គូ បានបដិសេធជាច្រើនលើករួចមកហើយ ដោយលោកត្រាំផ្ទាល់ថែម ទាំងធ្លាប់និយាយដែរថាការចោទប្រកាន់ថាលោក មានទំនាក់ទំនងជាមួយរុស្ស៊ី គ្រាន់តែជារឿងបោកប្រាស់ប៉ុណ្ណោះ៕