(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីនគរបាលពាក់ស័ក្តិ៣ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋ ដែលត្រូវចាប់ខ្លួនរឿងបាញ់រះជិត១០គ្រាប់ ដោយសារខឹងប្រពន្ធនៅក្នុងបុរីសម្បត្តិមានហេងនោះ ត្រូវបានសួរនាំចប់ហើយ និងគ្រោងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ ដើម្បីចាត់ការបន្តទៀត។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចខណ្ឌច្បារអំពៅ បានដកហូតកាំភ្លើង AK-47 ដែលមន្រ្តីនគរបាលរូបនេះ បានបាញ់រះមុនពេលបើករថយន្តគេចខ្លួន។
នៅវេលាម៉ោង៣៖០៥នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅហើយ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។
នៅក្នុងវិដេអូបានបង្ហាញមន្រ្តីនគរបាលថ្លើមពាសមេឃរូបនេះ បាញ់នៅខាងក្រៅមិនអត់ចិត្ត ពេលជិះក្នុងឡានបើកដំបូងរថយន្ត បើកបាញ់ឡើងលើទៀតផង។ បន្ទាប់ពីបាញ់ហើយជននេះ ជននេះបានបើករថយន្តរបស់ខ្លួនយ៉ាងលឿន គេចខ្លួនបាត់ហើយសំណាងណាស់ នៅពេលកំពុងបើក ចេញនោះ មានកូនក្មេងកំពុងជិះកូនកង់លេងនៅខាងក្រោយរថយន្ត ប្រសិនបើបើបានបុកទៀតកូន រឹតតែមានរឿងធំទៀតហើយ។
ការចូលខ្លួនមកសារភាពពីកំហុសរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិនឲ្យរួចខ្លួននោះទេ។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាលនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ។
បើតាមរបាយការណ៍ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស្រាបៀរ នៅផ្ទះជនសង្ស័យអស់មួយកេះ រួចក៏នាំគ្នាជិះរថយន្តម៉ាក Toyota HighLander ពណ៌ស ពាក់ស្លាកលេខនគរបាល (មិនចាំស្លាកលេខ) ចេញទៅក្រៅបាត់។
លុះដល់ម៉ោង១៧និង៤០នាទី ថ្ងៃដដែលជនសង្ស័យ ក៏ជិះរថយន្តត្រឡប់មកផ្ទះវិញម្នាក់ឯង ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏ហៅជនសង្ស័យទៅផឹកស្រា និងច្រៀងខារ៉ាអូខេ ជាមួយអ្នកជិតខាង រួចក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏យកអាវុធវែងម៉ាក AK-៤៧(មិនដឹងលេខ)បាញ់ឡើងលើជាច្រើនគ្រាប់ រួចក៏យកអាវុធដាក់ក្នុងរថយន្ត ជិះគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចយើង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញសំបកគ្រាប់អាវុធវែង (AK) ០៥សំបក ទុកធ្វើជាវត្ថុតាង។ យ៉ាងណាក៏ដោយសម្រាប់ហេតុការណ៍បាញ់បោះនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ។
បើតាមប្រជាពលរដ្ឋ នៅក្បែរជនសង្ស័យបានឲ្យដឹងថា ជននេះធ្លាប់បាញ់បោះផងដែរ ប៉ុន្តែមិនឃើញមានចំណាត់ការ របស់សមត្ថកិច្ចនោះឡើយ។ ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាល មូលដ្ឋានធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្តទៀត៕