(ពិភពលោក)៖ នៅថ្ងៃទី១៦ ខែមីនានេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង ចង់ដឹងថាតើព្រឹត្តិការណ៍នៃរូបភាពសំខាន់ៗមាន អ្វីខ្លះ សូមទស្សនារូបភាពនានាដូចខាងក្រោម៖
១៖ នៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានប្រាប់សមាភាគីជប៉ុនថា ការធ្វើការងាររួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ពិតជាមានសារៈសំខាន់ជាទីបំផុត ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។
២៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Lim Sung-Nam បានលើកឡើងថា ទង្វើសងសឹករបស់ចិនប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់ រដ្ឋាភិបាលទីក្រុងសេអ៊ូល ក្នុងការពង្រាយប្រព័ន្ធ THAAD គឺដោយសារតែកង្វះខាតនៃភាពយល់ដឹងអំពីប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនេះ។ ទីក្រុងប៉េកាំង បានជំទាស់យ៉ាងនឹងគំរោងដាក់ពង្រាយTHAAD ដោយអះអាងពីបញ្ហាសន្តិសុខជាតិ បើទោះជាសេអ៊ូល និង វ៉ាស៊ីនតោន ប្រាប់ជាច្រើនលើកថា THAAD មានគោលដៅតែទៅលើកូរ៉េខាងជើង ក៏ដោយ។
៣៖ មន្ត្រីគយវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ បានរឹបអូសកុយរមាស លាក់ទុកក្នុងវ៉ាលីធំចំនួន០២មាន ទម្ងន់១០០គីឡូក្រាមដែលត្រូវបានគេសង្ស័យថា ត្រូវបានឈ្មួញជួញដូរមកពីប្រទេសកេនយ៉ា។
៤៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា កងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិក ដែលបានសម្លាប់មេភេរវករអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Oussama Ben Laden) នឹងមកចូលរួមក្នុងការដឹកនាំសមយុទ្ធយោធាទ្រង់ទ្រាយប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ខណៈស្ថានភាព នៅក្នុងឧបទ្វីបកូរ៉េកាន់តែតានតឹង នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
៥៖ ចៅក្រមសហព័ន្ធម្នាក់ក្នុងរដ្ឋហាវៃ (Hawaii) បានសម្រេចចិត្តរាំងខ្ទប់ បទបញ្ជាថ្មីស្ដីពីជនអន្តោប្រវេសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលហាមឃាត់ ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៦ ដូចជា អីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី ស៊ូដង់ និងយេមែនធ្វើដំណើរ មកកាន់សហរដ្ឋអាមេរិក សម្រាប់រយៈពេល៩០ថ្ងៃ និង ១២០ថ្ងៃ សម្រាប់ជនអន្តោប្រវេសន៍ទូទៅ។
៦៖ ក្រុមហ៊ុនធំៗមួយចំនួនរបស់វៀតណាមដូចជា Vinamilk និង Vietnam Airlines បានផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្ម តាមបណ្តាញសង្គម និងកម្សាន្ត YouTube ស្របពេលដែល រដ្ឋាភិបាលប្រទេសកុម្មុយនិស្តមួយនេះ បានដាក់ចេញយុទ្ធនាការទ្រង់ទ្រាយធំសំដៅបង្រ្កាបការបង្ហាញ ភាពជំទាស់ប្រឆាំងរដ្ឋាភិបាលតាមប្រព័ន្ធអនឡាញ។
៧៖ ខណៈសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងរបស់លោកឌូតើតេ កំពុងរងការរិះគន់យ៉ាងខ្លាំងពីបណ្ដាអង្គការអន្តរជាតិ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo ក៏បានចេញមុខព្រមានក៏ដូចជារិះគន់ផងដែរ ដោយថែមទំាងសង្កត់ធ្ងន់ដែរថា «គ្រាប់កាំភ្លើងតែមួយមុខ» មិនអាចដោះស្រាយបញ្ហាគ្រឿងញៀននៅហ្វីលីពីនបាននោះទេ។