(ភ្នំពេញ)៖ ឱសថសាស្ត្រ គឺជាផ្នែកមួយនៃ វិស័យសុខាភិបាល ដែលទទួលការបណ្តុះបណ្តាលរយៈពេល៥ឆ្នាំ ដើម្បីក្លាយជាឱសថការី មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់។
ឱសថការី គឺជាអ្នកមានវិជ្ជាជីវៈតែមួយគត់ ដែលមានឯកទេសផ្នែកឱសថ។ ឱសថការីមានចំណេះដឹង ក្នុងការផលិត គ្រប់គ្រង ចែកចាយឱសថ ពន្យល់ការប្រើប្រាស់ឱសថឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពល្អ ព្រមទាំងមានចំណេះដឹងខាង សិក្សាស្រាវជ្រាវ រូមមន្តផលិតឱសថថ្មី និងកែលំអគុណភាពឱសថឲ្យកាន់តែប្រសើរជាងមុន។
តាមរយៈការបណ្តុះបណ្តាល ពោរពេញដោយកម្មវិធីសិក្សាច្បាស់លាស់ ឧបករណ៍ និងសំភារៈទំនើបៗ សាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ ការអនុវត្តផ្ទាល់នៅក្នុងបន្ទប់ពិសោធន៍ ការសិក្សាស្រាវជ្រាវលើប្រធានបទថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗ តាមរយៈការចុះកម្មសិក្សានៅក្រៅប្រទេស ទាំងនេះជាហេតុផល មួយចំនួនដែល និស្សិតឱសថសាស្រ្ត នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានទទួលស្គាល់គុណភាព នៃការបណ្តុះបណ្តាលពីសំណាក់សាធារណជន ក្រុមហ៊ុនឱសថ និងសហគ្រាសផលិតឱសថនៅកម្ពុជា និងនៅក្នុងឆាកអន្តរជាតិ។
ជាក់ស្តែងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំបញ្ជូននិស្សិតផ្នែក ឱសថសាស្ត្រចំនួន០៤នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Malaya ប្រទេសម៉ាឡេស៊ី រយៈពេល០២សប្តាហ៍។ នេះជាលើកទីមួយ ហើយ ដែលនិសិ្សតផ្នែក ឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Malaya ។ សាកលវិទ្យាល័យ Malaya គឺជាសកលវិទ្យាល័យដែលបានទទួលចំណាតថ្នាក់ទីមួយ ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់របស់ប្រទេសម៉ាឡេស៊ីលើកការអប់រំធនធានមនុស្ស និងស្រាវជ្រាវ។ សាកលវិទ្យាល័យ Malaya ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦២ ។
នេះជាជោគជ័យមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សា នៅបរទេសសម្រាប់ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងទទួលយកបទពិសោធន៍ថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងអាជីពរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ប្រកបដោយគុណភាពខ្ពស់នាពេលអនាគត៕