(ត្បូងឃ្មុំ)៖ នៅក្នុងសកម្មភាពត្រួតពិនិត្យធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ដោយមន្ត្រីកាំកុងត្រូល បានយកគំរូមួយចំនួនរួមមាន៖ សណ្ដែក បណ្ដុះ ស្ពៃជ្រក់ ស្លឹកខ្ទឹម ស្ពៃក្ដោប ម្ទេសប្លោក ស្លឹកគីនឆាយ ព្រមទាំងទឹកក្រូច ទឹកសេរ៉ូ ការហ្វេឆុងរួច និង នំបាញ់ត្រាង បញ្ជូនទៅមន្ទីរពិសោធន៍កាំកុងត្រូល ដើម្បីវិភាគរកសំណល់ ថ្នាំកសិកម្ម និងសារធាតុគីមីហាមឃាត់ផ្សេងទៀត ដែលមិនអនុញ្ញាតអោយប្រើប្រាស់ នៅលើផលិតផលម្ហូប អាហារទាំងនោះ ដោយសារវាបង្កផលប៉ះពាល់ផ្នែកសុខភាពដល់អ្នកបរិភោគ ។
លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមមាត់ច្រកព្រំដែន នៅតែបន្តសកម្មភាពឥតឈប់ឈរ សំដៅ បង្ការ ទប់ស្កាត់ និងបង្ក្រាប អោយបានទាន់ពេលវេលា នូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹងចរាចរចែកចាយ នៅលើទីផ្សារប្រទេសកម្ពុជា ស្របតាមអនុសាសន៍ណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ដែល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវ ផ្នែកសុវត្ថិភាពចំណីអាហារ កិច្ចការការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែងដោយស្មោះត្រង់ ក្នុងនោះបានណែនាំឲ្យមន្ត្រីកាំកុងត្រូល គ្រប់ច្រកព្រំដែនទាំងអស់ ឲ្យយកចិត្តទុកដាក់ពង្រឹង និងបង្កើនសកម្មភាពត្រួតពិនិត្យទំនិញនៅតាមព្រំដែន ពិសេសម្ហូបអាហារនាំចូល ក្នុងន័យធ្វើយ៉ាងណាធានាសុខភាពជូនប្រជាពលរដ្ឋ៕