អ្នកនាំពាក្យ CNRP៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយចំនួន គ្រោងចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន
16-03-2017 13:08
(ភ្នំពេញ)៖ លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គ្រោងនឹងដឹកនាំតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នៅពេលឆាប់ៗនេះ។ នេះបើតាមការអះអាងរបស់ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ បានអះអាងថា លោក សុន ឆ័យ នឹងប្រជុំជាមួយក្រុមតំណាងរាស្រ្ត ដើម្បីសម្រេចថា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នៅពេលណា ហើយមានតំណាងរាស្រ្តណាខ្លះចូលរួម។
សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទី ល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ៕