(កំពង់ស្ពឺ)៖ ថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិ ដែលបានដាក់ចេញពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានទម្លាយឲ្យដឹងថា គណបក្សសង្រ្គោះជាតិ ដែលបក្សប្រឆាំងនៅកម្ពុជានោះ បានសម្រេចដកមេឃុំជាច្រើនរូប ដែលមិនបានធ្វើការងារបម្រើបក្ស។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានដឹងយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិ បានដកមេឃុំជា ច្រើនរូប បន្ទាប់ពីមេឃុំទាំងនោះមិនបានបម្រើគណបក្ស។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែបញ្ហាអ៊ីចេះ គាត់ (CNRP) គាត់ថាអ៊ីចឹង គាត់ថាដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត ដល់គាត់យ៉ាងម៉េច? មេឃុំណា ជំទប់ណា ដែលគាត់ចាត់ទុកថា ក្បត់គាត់ មិនត្រង់នឹងបក្សគាត់ គាត់ដកមួយគំនរហ្នឹង! ខ្ញុំរដ្ឋមន្រ្តីមហាផ្ទៃខ្ញុំមិនដឹង ព្រោះខ្ញុំអ្នកធ្វើរឿងហ្នឹង គាត់ដកមួយគំនរ។ ចុះអាណុងម៉េចដែរ? ចង់និយាយថា បើបក្សដទៃមិនឲ្យមេឃុំ ដែលសមាជិកបក្សបម្រើបក្សគេទេ តែគាត់មេឃុំមិនបម្រើបក្សគាត់ដក»។

បើទោះបីជាយ៉ាងណាមិនទាន់មានការបង្ហាញរបាយការណ៍ ដោះដូរតំណែងមេឃុំរបស់គណបក្សសង្រ្គោះជាតិនោះទេ ខណៈដែលលោក ខៀវ សុភគ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចស្វែងរកការបញ្ជាក់បន្ថែមបាននៅឡើយទេនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។

ពាក់ព័ន្ធនឹងពាក្យស្លោកនយោបាយ ដែលកំពុងធ្វើឲ្យមានការខឹងសម្បាពីមេឃុំ និងចៅសង្កាត់មកពីគណបក្សប្រជាជននេះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងក្នុងន័យបញ្ចើចបញ្ចើឲ្យគណបក្សសង្រ្គោះជាតិផងដែរថា រាល់បេក្ខភាពមេឃុំ ចៅសង្កាត់ទាំងអស់សុទ្ធតែត្រូវបានជ្រើសដោយបក្ស ដូច្នេះតើមេឃុំ ឬចៅសង្កាត់ទាំងនោះមិនធ្វើការងារបម្រើបក្សយ៉ាងដូចម្តេចទៅ?

សម្តេចក្រឡាហោម ស ខេង បានថ្លែងទទួលស្គាល់ថា រាល់មេឃុំ ឬចៅសង្កាត់ត្រូវតែធ្វើការងារបម្រើបក្ស តែទន្ទឹមនឹងការធ្វើការងារបម្រើបក្ស ក៏មានបន្ទាត់នយោបាយក្នុងការបម្រើប្រយោជន៍សាធារណៈ និងប្រយោជន៍ប្រជាពលរដ្ឋផងដែរ ដូចជាការសាងសង់ទីអារាម ផ្លូវ សាលារៀន និង សមិទ្ធផលផ្សេងៗទៀត ដែលសមិទ្ធផលទាំងនោះសុទ្ធតែបានបម្រើប្រយោជន៍សាធារណជនមិនបានប្រកាន់និន្នាការបក្ស នយោបាយណាមួយនោះឡើយ។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងរិះគន់ដែរថា ពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្ស សង្រ្គោះជាតិ គឺជាពាក្យស្លោកមួយមានចេតនាញុះញង់ធ្វើឲ្យមានការបែកបាក់ ដែលគួរតែមានការកែសម្រួលពាក្យស្លោកនេះចេញ និង ជ្រើសរើសពាក្យណាសមរម្យ។

សម្តេចនាយករដ្ឋមន្រ្តីស្តីទី ក៏បានគូសបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃនឹងពិចារណាទៅលើពាក្យស្លោកនេះ ពេលបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ក្នុងសមាជបក្សកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ គណបក្សសង្រ្គោះជាតិ បានគោលនយោបាយអាទិភាពចំនួន ៥ចំណុចក្នុងការស្វែងរកប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ គោលនយោបាយអាទិភាពទាំង ៥ចំណុចនោះ ស្ថិតនៅក្រោមពាក្យស្លោករួមថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។

ពាក្យស្លោកនេះ បានធ្វើឲ្យមេឃុំ ចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនោះ កើតការខឹងសម្បា និង ចេញលិខិតថ្កោលទោសជាបន្តបន្ទាប់ផងដែរ៕