(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បើចង់ក្លាយជាអ្នកកាសែត ដែលមានជំនាញសេដ្ឋកិច្ច អ្នកកាសែតរូបនោះ ត្រូវតែទាមទារឲ្យមានចំណេះដឹងទូទៅខ្ពស់ អាន និងស្រាវជ្រាវឲ្យបានច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពិសេសត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច ដើម្បីឲ្យគេពន្យល់បន្ថែម ពិតមែនតែយើងគ្មានសញ្ញាបត្រ ឬបណ្ឌិតផ្នែកសេដ្ឋកិច្ចក្ដី តែបទពិសោធន៍ ជាអ្នកកាសែត១០ ទៅ២០ឆ្នាំហើយ នោះនឹងអាចយល់ដឹងច្បាស់រឿងមួយចំនួនធំ នៅក្នុងសកលលោក។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដែលសិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មានចិន និងកម្ពុជាមួយចំនួនចូលរួមផងដែរ។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា៖ «ដូច្នេះយើងជាអ្នកកាសែត ដែលធ្វើខាងសេដ្ឋកិច្ចយូរៗទៅ យើងនឹងស្គាល់អ្នករកស៊ី អ្នកវិនិយោគ ហើយយើងក៏ស្គាល់ ពីសំណូមពររបស់ប្រជាជន និងអ្នករកស៊ីមួយចំនួនទៀត ដែលចង់រកស៊ីអីមួយថា ការបើកមុខរបរនេះ វាចំណេញទេ ឬបើកក្រុមហ៊ុននេះ ចំណេញទេ លទ្ធភាពគេមានប៉ុន្មាន តើទុនរបស់គេ បានពីណាខ្លះ ហើយបើធ្វើអ្វីមួយនឹង តើវាមានផលប៉ះពាល់អ្វីខ្លះ ដល់បរិស្ថាន និងសង្គមជាតិ ចឹងការវិភាគ យើងបានគ្រប់គ្រាន់ ចឹងយើងជាអ្នកកាសែត គឺយល់បានច្រើន តែបើអ្នកជំនាញតាមក្រសួងស្ថាប័នមួយចំនួន គាត់យល់បានតែមួយផ្នែកទេ ហើយបើសម្រាប់យើងជាអ្នកកាសែត យើងយល់ដឹងគ្រប់ជ្រុង ពេលយើងសសេរទៅ ប្រជាពលរដ្ឋគាត់អាចយល់បាន តែបើអ្នកជំនាញគេពិតប្រាកដ គេសរសេរមានទាំងតួលេខ ក្រាហ្វិក ដែលគេនិយាយជំនួញធំ» ។
លោកបន្ថែមថា «តែសម្រាប់បច្ចុប្បន្ននេះ យើងមិនទាន់មានអ្នកកាសែត ដែលចូលកម្រិតជំនាញទេ គ្រាន់តែយើងអាចអ្នករាយការណ៍ ពីសកម្មភាពសេដ្ឋកិច្ច ប៉ុន្ដែអ្នកវិភាគផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងមិនទាន់មានទេ នេះជាចំនុចខ្សោយរបស់យើង តែក៏ជាចំនុចល្អវិញ គឺត្រង់ថា គ្រប់ទូរទស្សន៍ កាសែតគាត់ឆ្លាត គឺពិតមែនយើងគ្មានអ្នកដែលមានជំនាញពិតប្រាកដផ្នែកនេះ ប៉ុន្ដែយើងមានស្គាល់មន្ដ្រីអ្នកជំនាញផ្នែកសេដ្ឋកិច្ច អាចពឹងឲ្យគាត់និយាយពន្យល់បាន ដែលជាចំនុចឆ្លាតវៃមួយរបស់យើង។ ដូច្នេះគោលបំណងរបស់ក្រសួង និងរបស់ខ្ញុំ គឺចង់បានឲ្យមានគ្រប់ ស្ថានីយ៍ ទូរទស្សន៍ វេបសាយ កាសែត និងវិទ្យុ មានអ្នកជំនាញផ្នែកសេដ្ឋកិច្ចនេះ ដែលគាត់ងាយយល់ពីពាក្យបច្ចេកទេស ព្រោះយើងដឹងហើយ គេប្រើជាពាក្យអង់គ្លេសផង បច្ចេកទេសផង ចឹងប្រជាជនគាត់ស្ដាប់លែងបានហើយ ប៉ុន្ដែបើយើងមានអ្នកកាសែតជំនាញ មានវិជ្ជាជីវៈ គាត់នឹងដឹងពីរបៀបនិយាយ ថាតើនិយាយយ៉ាងម៉េច ដើម្បីឲ្យប្រជាជនយើង ស្ដាប់បាន និងយល់បានកាន់តែច្បាស់ជាមួយសាមញ្ញៗរបស់យើង ពន្យល់គាត់»។
ទន្ទឹមនឹងនោះ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងផងដែរថា ពិតណាស់ការអានឲ្យបានច្រើន ជាមួយនឹងចំណេះដឹងទូទៅនេះ គឺជាកត្ដាដ៏ចប្បងបំផុត ព្រោះកាលពីមុននោះ លោកផ្ទាល់ក៏បានអនុត្ដន៍ នូវចំនុចនោះដែរ ដើម្បីទទួលបានការស្វែងយល់កាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយ។
ព្រមជាមួយគ្នានោះ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន ប៊្លូមេឌា ហ្វីម ខេមបូឌា បានថ្លែងដែរថា «អ្នកសារព័ត៌នៅកម្ពុជាមានច្រើន ក៏ពិតមែន តែគាត់ផ្ដោតសរសេរលើផ្នែកផ្សេងៗ តែការសរសេរលម្អិត លើវិស័យវិភាគផ្នែកសេដ្ឋកិច្ច មិនបានស៊ីជម្រៅនោះទេ តែពេលនេះ យើងបានសហការជាមួយសារព័ត៌មាន ឆាយស៊ីន របស់ប្រទេសចិន ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ជាលើកទី១ ដល់អ្នកសារព័ត៌កម្ពុជាយើង ឲ្យមានជំនាញច្បាស់លាស់ ក្លាយជាប្រព័ន្ធផ្សព្វផ្សាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុគំរូ នៅតំបន់អាស៊ី ។ វគ្គបណ្ដុះបណ្ដាលនេះ យើងនឹងជ្រើសអ្នកកាសែតឆ្នើម ចំនួន១៥រូប ពីស្ថាប័នផ្សេងៗ នៅក្នុងស្រុក ទំាងរដ្ឋ និងឯកជន ឲ្យចូលរួមវគ្គសិក្សានេះ ដោយឥតគិតថ្លៃនៅប្រទេសចិនក្នុងរយៈពេលមួយអាទិត្យ»។
ឱកាសនោះផងដែរលោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូប បានថ្លែងថា លោកគាំទ្រ និងរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុន ប៊្លូមេឌា និងព័ត៌មាន ឆាយស៊ីនរបស់ចិន បានបើកវគ្គបណ្ដុះបណ្ដាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ដែលត្រូវទៅសិក្សានៅប្រទេសចិនផ្ទាល់តែម្ដង ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច ពិតជាពិសេសមែនទែន ហើយចំណុចដ៏ល្អ ដែលបណ្ដុះបណ្ដាល អ្នកសារព័ត៌មានយើង ពិសេស គឺចំជំនាញដែលយើងកំពុងត្រូវការផង ព្រោះអ្នកសារព័ត៌នៅកម្ពុជាយើង មិនទាន់មានអ្នកជំនាញសេដ្ឋកិច្ចនេះ នៅឡើយទេ ទោះក្នុងរយៈពេល មួយសប្ដាហ៍១ថ្ងៃ, ២ថ្ងៃក៏ដោយ សម្រាប់អ្នករៀន គឺមានអត្ថប្រយោជន៍ នឹងទទួលបានចំនុចល្អកាន់តែប្រសើរច្រើនណាស់៕