(ភ្នំពេញ)៖ ទន្តសាស្ត្រ គឺជាផ្នែកមួយនៃ វិស័យសុខាភិបាល ដែលទទួលការបណ្តុះបណ្តាលរយៈ៧ឆ្នាំ ដើម្បីក្លាយជាទន្តបណ្ឌិតមួយរូប ដែលមានសមត្ថភាពគ្រប់គ្រាន់។
តាមរយៈការបណ្តុះបណ្តាល ពោរពេញដោយ ឧបករណ៍ សំភារៈទំនើប សាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ ការចុះអនុវត្តផ្ទាល់ជាមួយអ្នកជំងឺ នៅក្នុងគ្លីនីកធ្មេញ ការចុះសហគមន៍ ការសិក្សាស្រាវជ្រាវលើប្រធានបទថ្មីៗ ការចែករំលែកបទពិសោធន៍ពីសាស្ត្រាចារ្យជាតិ និងអន្តរជាតិ ការផ្លាស់ប្តូររបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗ តាមរយៈការចុះកម្មសិក្សា នៅក្រៅប្រទេស ទាំងនេះជាហេតុផលមួយចំនួនដែល និស្សិត បានជ្រើសរើសយកសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រដើម្បីសិក្សាផ្នែកទន្តសាស្ត្រ។
ជាក់ស្តែងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំបញ្ជូននិស្សិតផ្នែក ទន្តសាស្ត្រចំនួន១០នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ រយៈពេល ០២ សប្តាហ៍ នេះជាលើកទីបីហើយ ដែលនិសិ្សតផ្នែក ទន្តសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen។
ក្នុងអំឡុងខែកុម្ភៈ និងខែមីនា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ជូននិស្សិតចុះកម្មសិក្សា នៅក្រៅប្រទេសចំនួន ៥២នាក់ ក្នុងនោះសាកលវិទ្យាល័យ Khon Kaen ចំនួន ៥១នាក់ (វេជ្ជសាស្ត្រ ១០នាក់ ទន្តសាស្ត្រ ១០នាក់ ឱសថសាស្ត្រ ២៣នាក់ និង គិលានុបដ្ឋាក ៨នាក់) និងនៅសាកលវិទ្យាល័យ KOREATECH និស្សិត ផ្នែកព័ត៌មានវិទ្យាចំនួន១នាក់។
ការបញ្ជូននិស្សិតចុះកម្មសិក្សា នៅក្រៅប្រទេសមានគោលបំណង ដើម្បីឲ្យនិស្សិត ទទួលបានឱកាសក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសដែលមានស្តង់ដារ វិស័យសុខាភិបាលខ្ពស់ ដើម្បីឲ្យនិសិ្សតអាចអភិវឌ្ឍ សម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ និងដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយ កម្រិតទៀត និងជាការចូលរួមដើម្បីកសាងទំនុកចិត្ត ប្រជាពលរដ្ឋកម្ពុជាលើគុណភាព វិស័យសុខាភិបាលនាថ្ងៃអនាគត ចៀសវាងការចំណាកស្រុកទៅ ក្រៅប្រទេសក្នុងការ រកសេវាព្យាបាលជំងឺ។
សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សានៅបរទេស សម្រាប់ពង្រឹងសមត្ថភាព និងអាជីពរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាពខ្ពស់នាពេលអនាគត៕