(ភ្នំពេញ)៖ រឿងរ៉ាវមួយដែលអាចគិតថាពុំសូវមានអ្នកនឹកដល់ជុំវិញបញ្ហា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្ស សម​ រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលនឹងពួកគាត់បានមកឈរឈ្មោះនៅក្នុងគណបក្សមួយទៀតគឺសង្គ្រោះជាតិ។ តើបញ្ហាដែលនឹងកើតចំពោះសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិទៅជាយ៉ាងណា ? សូមយកលិខិតមិត្តអានរបស់ «បក្សីចាំក្រុង» ដែលផ្ញើមកកាន់សារព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

១៖ តាមការពិនិត្យបញ្ជីបេក្ខជនឃុំសង្កាត់របស់បក្សព្រះអាទិត្យឃើញថា ភាគច្រើនអ្នកឈរឈ្មោះក្នុងបក្សនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់បក្សភ្លើងទៀន និងបក្សព្រះច័ន្ទ បច្ចុប្បន្ន។

២៖ យោងតាមច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន នៅពេលបាត់បង់សមាជិកភាពរបស់បក្ស។

៣៖ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ សមាជិកបក្សមួយនឹងបាត់បង់សមាជិកភាពពីបក្សនេះ នៅពេលទៅចូលជាសមាជិកបក្សថ្មី។ តាមន័យនេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនចំនួន ២១៥៥ រូប ក្នុងនោះមេឃុំ មានចំនួន ២២រូប និងបក្សព្រះច័ន្ទ ចំនួន ៨០០ រូប ក្នុងនោះមេឃុំ មានចំនួន១២រូប ត្រូវបាត់បង់តំណែងនៅក្រុមប្រឹក្សាឃុំសង្កាត់ ប្រសិនបើអ្នកទាំងនោះឈរឈ្មោះ ជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ នៃបញ្ជីបក្សព្រះអាទិត្យ ទាំងបេក្ខជនពេញសិទ្ធិ ទាំងបេក្ខជនបំរុង។

៤៖ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អ្នកដែលត្រូវឡើងមកជំនួសអ្នកដែលបាត់តំណែង ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃបក្សភ្លើងទៀន និងបក្សព្រះច័ន្ទ គឺអ្នកដែលមានឈ្មោះបន្ទាប់ក្នុងបញ្ជីនៃគណបក្សទាំងនេះ ហើយដែលអ្នកទាំងនោះមិនមាន ឈ្មោះក្នុងបញ្ជីបេក្ខជននៃបក្សព្រះអាទិត្យ។

៥៖ អ្នកដែលមិនមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៃបក្សព្រះអាទិត្យ ទាំងពេញសិទ្ធិ ទាំងបំរុង គឺមានន័យថា អ្នកទាំងនោះត្រូវបានកាត់ឈ្មោះទាត់ចេញ ឬហៅថា ជាមនុស្សឥតបានការសម្រាប់បក្សព្រះអាទិត្យ។

៦៖ ប៉ុន្តែអ្នកមិនបានការទាំងនេះ នឹងអាចត្រូវគេខ្ចីប្រើធ្វើទីមោងសម្រាប់រយៈពេល២ខែ បន្តទៀតរហូតដល់ចប់អាណត្តិ ដើម្បីបន្តបំពេញកៅអី ក្រុមប្រឹក្សាឃុំសង្កាតនៃបក្សភ្លើងទៀន និងបក្សព្រះច័ន្ទដែលបាត់បង់។ ប៉ុន្តែនេះពុំមែនមានន័យថា បក្សព្រះអាទិត្យនឹកឃើញឡើងវិញ នូវភាព បានការរបស់អ្នកទាំងនេះ ឬបក្សនេះចិត្តល្អនោះចំពោះអ្នកទាំងនោះនោះទេ ប៉ុន្តែគឺដោយសារច្បាប់តម្រូវប៉ុណ្ណោះ។ បើសិនជាមិនអាចរកអ្នកដែល ត្រូវអរគុណឃើញ អ្នកដែលឥតបានការ ហើយបានប្រែជាបានការឡើងវិញរយៈពេល២ខែ ខាងមុខនេះក៏ពុំគួរអរគុណបក្សដែល បានបោះបង់ ចោលខ្លួនចោលក្នុងបញ្ជីថ្មីដែរ!៕

ដោយ៖ បក្សីចាំក្រុង