(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ គ្រោងនឹងចាក់បញ្ចាំងវីដេអូ «ស៊ើបអង្កេត» អំពីការ បាញ់សម្លាប់លោក កែម ឡី នៅថ្ងៃអាទិត្យទី១២ ខែមីនា នៅទីស្នាក់ការរបស់ខ្លួន នាសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ប៉ុន្តែទោះជាយ៉ាងណា គម្រោងចាក់បញ្ចាំងវីដេអូនេះត្រូវបានអាជ្ញាធរ និងរាជរដ្ឋាភិបាលហាមឃាត់
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា មូលហេតុដែលរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យបញ្ចាំងវីដេអូរបស់ទូរទស្សន៍ Al jazeera ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡីនេះ ដោយសារតែវីដេអូនោះអាចញុះញ៉ង់ធ្វើឱ្យសាធារណជនបាត់បង់ជំនឿ លើសេចក្តីសម្រេច ឬកិច្ចការងារនៃដែនសមត្ថកិច្ច របស់តុលាការកម្ពុជា។
លោក ផៃ ស៊ីផាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃអាទិត្យនេះឱ្យដឹងយ៉ាងដូច្នេះថា «ការហាមឃាត់នេះគឺអាស្រ័យ ដោយយុទ្ធនាការនោះមានលទ្ធភាពបង្ក ឬញុះញ៉ង់ធ្វើឱ្យសាធារណៈ ជនបាត់បង់ជំនឿលើសេចក្តីសម្រេច ឬកិច្ចការងារនៃដែនសមត្ថកិច្ច របស់តុលាការ ដែលកំពុងបន្តនីតិវិធី ដូចបានចែងយ៉ាងច្បាស់នៅមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងករណីនេះក៏បានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថា អំណាចតុលាការជាអំណាចឯករាជ្យហើយ គ្មានអង្គការណាមួយ នៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយនៅក្នុងមាត្រា១២៨ និង៤៣០ ថ្មី។ នេះជាទិដ្ឋភាពច្បាប់ ក៏ប៉ុន្តែនៅក្នុង ទិដ្ឋភាពនយោបាយ ដែលមើលឃើញច្បាប់ពីវត្ថុបំណងរបស់ក្រុមដែលទទួលបានផលពីការស្លាប់របស់លោក កែម ឡី ដែលបានធ្វើការសន្និដ្ឋានផ្ទាល់ខ្លួន មុនការស៊ើបអង្កេតជាផ្លូវការ រហូតដល់ចោទប្តឹងទៅតុលាការក្រៅស្រុកថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយខ្នង»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា «ការស្លាប់របស់ លោក កែម ឡី គឺជាវត្ថុបំណងនៃក្រុមដែលទទួលបានផលប្រយោជន៍ប្រជាប្រិយ នៃចំណេញនយោបាយសង្រ្គោះជាតិ ពួកបរទេសដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។ ចម្ងល់មួយទៀត តើហេតុដូចម្តេច ពួកទាំងអស់នោះ គោរពសពលោកកែម ឡី ជាវីរៈបុរសរបស់កម្ពុជា ជាហេតុផល នយោបាយគ្រាន់តែជាអ្នកធ្វើអត្ថាធិប្បាយម្នាក់ដែល គេដាក់ងារផ្សេងៗ នៅតាមប្រព័ន្ធផ្សព្វផ្សាយនយោបាយនោះ ឬមួយការបាត់បង់ជីវិត តាមរយៈធ្វើឃាតដ៏កំសាកនេះ ជាផលប្រយោជន៍ក្នុងយុទ្ធនាការប្រឆាំងនឹង រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា តាមរយៈការផ្សព្វផ្សាយដែលបង្កើតជាចលនា ឬសកម្មជន ក្នុងការចោទទំលាក់កំហុស»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា «រីឯទិដ្ឋភាពនៃសកម្មភាពរបស់សកម្មជន លោក កែម ឡី ក្នុងការបន្តផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញ បរទេសនេះគឺ ជាសកម្មភាពញុះញ៉ង់ អុចអាល យ៉ាងច្បាស់លាស់ ដោយព័ត៌មានទាំងនោះមិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុងនោះឡើយ គឺមានការប្រឌិតពាក្យសំដីមួយចំនួនធំដែរ ដែលធ្វើឱ្យសាធារណជនយល់ច្រលំ។ មិនមែនតែរាជរដ្ឋាភិបាលកម្ពុជានោះទេ ដែលមានប្រតិកម្មមិន ឱ្យតម្លៃដល់សារព័ត៌មានទាំងក្នុងស្រុក និងអន្តរជាតិនៅការផ្សព្វផ្សាយបំភ្លឺ ឬប្រឌិតមួយចំនួន នោះចាប់តាំងពីនៅក្នុងតំបន់រហូតដល់ប្រធានាធិបតី សហរដ្ឋអាមេរិក ផងដែរ។ ដូច្នេះ ការហាមឃាត់នេះ គឺបានឆ្លើយតបទៅនឹងដែន សមត្ថកិច្ច អាស្រ័យដោយច្បាប់កំណត់ និងជាការទប់ស្កាត់ នូវពាក្យចរចាមអារាម ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិផងដែរ»។
សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតករ បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ភា្លមៗបន្ទាប់ពីមានឃាតកម្មនេះ សមត្ថកិច្ចដេញចាប់ជនដៃដល់បានផងដែរ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញ បានបើកសវនាការកាត់ទោស ឃាតករបាញ់សម្លាប់ លោក កែម ឡី ឈ្មោះ «ជួបសម្លាប់» ដែលតុលាការ បានចោទពី បទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត។ បន្ទាប់ពីបើកសវនាការនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក «ជួប សម្លាប់» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ៕