(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង និងរថយន្ត១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹង, កត្តាយានយន្ត ជាដើម។

សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១០៦លើក បណ្ដាលឲ្យស្លាប់៥៨នាក់ របួសធ្ងន់ចំនួន៩៩នាក់ និងរងរបួសស្រាលចំនួន៤៩នាក់៕