(ត្បូងឃ្មុំ)៖ បន្ទាប់ពីពិនិត្យឃើញសារធាតុគីមី ហាមឃាត់មាននៅលើខ្ទឹមស និងខ្ទឹមក្រហម ដែលឈ្មួញនាំចូលតាមច្រកទ្វារត្រពាំងផ្លុង កាលពីថ្ងៃទី១០ ខែមីនាម្សិលមិញហើយនោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកម្លាំងសន្តិសុខផ្សារ បានបន្តចុះត្រួតពិនិត្យបន្លែផ្លែឈើ និងម្ហូបអារហារ ផ្សេងទៀតមានដូចជាៈ ការ៉ុត ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម ស្ពៃ ក្រូចខ្វិច ប៉ម ប្រហុក ផ្អក ត្រីងៀត ស្ករត្នោត និងជាច្រើនមុខទៀត ដើម្បីវិភាគរកសារធាតុគីមី ហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារជីមាន់ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ បានធ្វើឡើងជាប្រចាំទៅតាមការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍ របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការពង្រឹង និងបង្កើននូវសកម្មភាព ចុះត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារ ក៍ដូចជាទំនិញនាំចូលតាមច្រកទ្វារព្រំដែនទូទាំងប្រទេស អោយដូចភ្លៀងរលឹម ដើម្បីធានាសុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។

លោកប្រធានបានបន្តថា ក្រោយការពិនិត្យ និងវិភាគដោយ រថយន្តមន្ទីរពិសោធន៍ចល័តរបស់កាំកុងត្រូល គឺបានប្រទះឃើញ សំណល់ថ្នាំសំលាប់សត្វល្អិតនៅលើ ក្រូចខ្វិច និងសារធាតុបូរ៉ាក់នៅលើត្រីងៀតសំយ៉ុង និងត្រីងៀតក្រហម ដែលវាធ្វើអោយសាច់ត្រីមិនមាន រុយរោម នៅស្រស់ សាច់ស្វិតល្អ និងទុកបានយូរ ដែលទាំងអស់នេះ សុទ្ធសឹងតែជាសារធាតុគីមី មិនអនុញ្ញាតឲ្យប្រើប្រាស់ ព្រោះវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

លោកបន្តទៀតថា បន្ទាប់ពីពិនិត្យ និងវិភាគឃើញជាក់ស្តែង មន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការដកហូតភ្លាមៗមានៈ ក្រូចខ្វិច ៥គីឡូក្រាម ត្រីងៀតសំយ៉ុង៤.៥ គីឡូក្រាម ត្រីងៀតក្រហម ៤.៨គីឡូក្រាម ដែលផ្ទុកសារធាតុគីមី ដើម្បីយកទៅកំទេចចោល ព្រមទាំងបានណែនាំ អប់រំ និងធ្វើកិច្ចសន្យា ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តតាមដានស្វែងរកប្រភព  ដែលប្រមូលព័ត៌មានពីទីផ្សារ ក្នុងន័យ ធ្វើយ៉ាងណាធ្វើការទប់ស្កាត់ និងបង្រ្កាបអោយខានតែបាន ដោយចាត់វិធានការ ទៅតាមផ្លូវច្បាប់ ៕