(ភ្នំពេញ)៖ ថ្មីៗនេះបន្ទាប់ពីលោក កឹម សុខា ចូលកាន់ក្តោបបន្ទាយព្រះអាទិត្យបានសម្រេច តាមការទទួលយកផែនការ និងការណែនាំពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកំចាត់លោក សម រង្ស៊ី រួចមក ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅមើលឃើញថា បក្សសង្គ្រោះជាតិបានកំពុងមានវិបត្តិរង្គោះរង្គើរដល់ ជើងក្រោមថ្នាក់មូលដ្ឋាន ហើយប្រការនេះបានជំរុញឱ្យថ្នាក់ដឹកនាំ និងសកម្មជនជាច្រើន ដែលមិនពេញចិត្តហ៊ានចេញមកធ្វើការរិះគន់ វាយប្រហារចំៗ ក្នុងនោះក៏មានសកម្មជនខ្លះឆ្អែតចិត្តពេក ហែកស្លាកបក្សសង្គ្រោះជាតិ ជាន់កម្ទេច ដុតចោលហើយដើរចេញ។
ក្រោយទំនាក់ទំនងជាសម្ងាត់រវាងលោក កឹម សុខា ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកណែនាំបង្គាប់បញ្ជាបានលាតត្រដាងតាមរយៈ ខ្សែអាត់សម្លេង បែកធ្លាយរួចមក ធ្វើឱ្យអតីតគូសត្រូវស៊ីសាច់ហុតឈាម និកាយសមរង្ស៊ី និងនិកាយសិទ្ធិមនុស្ស សង្គ្រឺតធ្មេញដាក់គ្នាសារជាថ្មី បន្ទាប់ពីដឹងថា លោក កឹម សុខា ជាដង្កូវក្នុងសាច់។ មន្ត្រីធំៗខាងសមរង្ស៊ីនិយម និងខាងកឹមសុខានិយមចាប់ផ្តើមចែកជាបក្សពួកវាយប្រហារគ្នា ដណ្តើមអំណាចប្រជែងយកតំណែង តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋានយ៉ាងអាណាធិបតេយ្យ។ ប៉ុន្តែការដណ្តើមអំណាច និងប្រជែងយក តំណែងក្នុងបក្សក្នុងកាលៈទេសៈនេះ គឺមិនដូចលើកមុនៗនោះទេ ព្រោះកូតា សម រង្ស៊ី អន់សាច់ អស់ខ្នងបង្អែកទៅហើយដោយសារទណ្ឌិត សម រង្ស៊ី លែងជាប្រធានបក្សដូចមុន ថែមទាំងបាត់បង់សិទ្ធិធ្វើនយោបាយទៀត។
ហេតុដូច្នេះហើយទើបបេក្ខជនមេឃុំ-ចៅសង្កាត់ក្នុងអាណត្តិនេះ ខាងកូតាសមរង្ស៊ី ភាគច្រើនត្រូវបានលេប និងគ្របដណ្តប់ដោយមនុស្សកូតាសិទ្ធិ មនុស្សវិញ ដែលធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសកម្មជនសំខាន់ៗមុនៗ ដែលខិតខំតស៊ូ និងលះបង់ទ្រព្យសម្បិត្តជាច្រើនជូនបក្សប្រឆាំង។
ជាក់ស្តែងថ្មីៗនេះ មានចលនាងើបដើរចេញ ពីបក្សសង្គ្រោះជាតិដូចជា នៅរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តរតនគិរី ខេត្តព្រៃវែង ជាដើម។ល។ ដោយសារបញ្ហាពុករលួយស៊ីសំណូកសូកប៉ាន់ទិញតំណែង បញ្ហាបក្ខពួកនិយម អយុត្តិធម៌ហួសហេតុពេក ធ្វើឱ្យពួកគាត់ឆ្អែតចិត្ត ទប់កំហឹងមិនបាន រហូតនាំគ្នាដើរកាច់បង្គោលស្លាកបក្សសង្គ្រោះជាតិទម្លាក់ចុះ រួចហែកដុតកម្ទេចចោល នៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងខ្លះទៀតសរសេរពាក្យចំអកនៅលើស្លាកបក្សប្រឆាំងថា លាហើយបក្សសង្គ្រោះជាតិ-ចាត់ចែងអយុត្តិធម៌ណាស់ ហើយមួយចំនួនទៀតបាន លាឈប់ដោយសារអស់ជំនឿទាំងខ្លួនជាបេក្ខជនលេខរៀងទី១ ទី២ សម្រាប់ការបោះឆ្នោតខាងមុខនោះទៀតផង។
ចំណែកឯសកម្មជនថ្នាក់លើវិញក៏ឆ្អែតចិត្ត តឹងទ្រូងមិនចាញ់ថ្នាក់ក្រោមប៉ុន្មានដែរ បន្ទាប់ពីដឹងថាលោក កឹម សុខា គឺជាអ្នកដណ្តើមតំណែងលោក សម រង្ស៊ី ដោយមានលោកនាយករដ្ឋមន្ត្រី ជាអ្នកនៅពីក្រោយខ្នងបញ្ជា និងណែនាំ។ ជាក់ស្តែង៖
១៖ លោក សួង សុភ័ណ្ឌ មន្រ្តីសកម្មជនដ៏សំខាន់មួយរូបរបស់បក្សប្រឆាំង ជាអតីតប្រធានក្រុមការងារ ជាបេក្ខជនតំណាងរាស្ត្រខេត្តប៉ៃលិន និងជាអតីតប្រធានចលនាយុវជនគ្រប់ជាន់ថ្នាក់របស់គណបក្សសម រង្ស៊ី បាន ទាមទារឱ្យលោក កឹម សុខា ចុះចេញពីតំណែងប្រធាន គណបក្សសង្គ្រោះជាតិជាដាច់ខាត ដោយអះអាងថា «សំណើសុំលាលែងពីគណបក្សសង្រ្គោះជាតិរបស់ខ្ញុំ, ដោយមូលហេតុ ខ្ញុំតាមដាន និងសង្កេតដោយផ្អែកលើភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា និងលោក ហ៊ុន សែន ជាមនុស្សតែមួយ។ លោក កឹម សុខា ធ្វើការតាមបញ្ជារបស់លោក ហ៊ុន សែន ដោយរៀបចំផែនការបំបែកលោក សម រង្ស៊ី ឲ្យចេញក្រៅសង្វៀននយោបាយនៅកម្ពុជា»។ សម្លេងដែលបែកធ្លាយនោះត្រូវបានលោក ហ៊ុន សែន ទទួលស្គាល់ថាជាសម្លេង និងជាសម្តីពិតរបស់លោក ១០០% ហើយបើផ្ទៀតផ្ទាត់ តាមអត្ថន័យនៃការណែនាំ និងទង្វើរបស់លោក កឹម សុខា គឺបញ្ជាក់ថាលោក កឹម សុខា ពិតជាធ្វើតាមការណែនាំរបស់លោក ហ៊ុន សែន ពិតប្រាកដមែន។
២៖ អ្នកស្រី សេង ធារី អតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម CSD ហើយជាសកម្មជនដ៏សំខាន់មួយរូបផងដែររបស់គណបក្សសមរង្ស៊ី បានស្នើឱ្យដាក់លោកគង់ គាំ ជាប្រធានគណបក្សសង្គ្រោះជាតិវិញ ដោយយល់ថាលោក គង់ គាំ មានឆន្ទៈដូចទណ្ឌិត សម រង្ស៊ី។ អ្នកស្រី សេង ធារី ហាក់បង្ហាញអារម្មណ៍ខឹងសម្បា និងចោទប្រកាន់ទៅក្រុមរបស់លោក កឹម សុខា ថាប្រកាន់បក្ខពួក និងគ្រួសារនិយម ដែលតែងតែធ្វើសេចក្តី សម្រេចចិត្តបែបបក្ខពួកនិយម ជាពិសេសមានការមិនពេញចិត្តជាច្រើន ក្នុងបក្សអំពីការតែងតាំងកូនស្រីជម្លើយរបស់គាត់គឺឈ្មោះនាង កឹម មនោវិទ្យា ឱ្យកាន់តំណែងធំក្នុងបក្ស។
៣៖ សកម្មជនបក្សសង្គ្រោះជាតិនិកាយបក្សសមរង្ស៊ីនៅប្រទេសជប៉ុន ហៃ វណ្ណា បានផ្ញើលិខិតចំហរជូនគណៈកម្មការវិន័យគណបក្សសង្គ្រោះជាតិ ឱ្យដកនាង កឹម មនោវិទ្យា កូនស្រីសំណប់ចិត្តរបស់លោក កឹម សុខា ឱ្យចេញពីថ្នាក់ដឹកនាំបក្ស ដោយសារឃើញថាមានការចម្រូងចម្រាស់គ្នា រវាងអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេសទាក់ទងនឹងរឿងបក្សពួកនិយម។ បន្ថែមពីលើនេះថែមទាំងបាននិយាយចំៗទៅនាងថា មានចរិតក្រអឺតក្រទម អាងខ្នងរបស់ឪពុក។
និយាយឱ្យខ្លីការបែកបាក់ រង្គោះរង្គើរបស់បក្សសង្គ្រោះជាតិនៅពេលនេះ គឺកើតឡើងមកពីការលោភលន់ស្រេកឃ្លានអំណាច ហួសហេតុរបស់មេបក្សទាំងពីរ រហូតហ៊ានក្បត់គ្នាដើម្បីអំណាច ប្រៀបបានដូចជា ល្បិចពាលស៊ីពាល។ ការពិតត្រូវបានលាតត្រដាងអស់ហើយថា លោក កឹម សុខា ពិតជាក្បត់ទណ្ឌិត សម រង្ស៊ី ហើយការបានឡើងកាន់តំណែងប្រធានបក្ស គឺដោយសារមានលោក ហ៊ុន សែន នៅជួយពីក្រោយ។ ការឡើងកាន់តំណែងជាប្រធានបក្សនៅពេលនេះគឺជាជោគជ័យរបស់លោក កឹម សុខា ប៉ុន្តែជាការបរាជ័យក្នុងបក្សសង្គ្រោះជាតិទាំងមូល ព្រោះទំហំនៃការបែកបាក់បានកើតមានយ៉ាងខ្លាំង ដែលបាននិងកំពុងពន្លឿនចរន្តនៃការចាកចេញរបស់សកម្មជនជាច្រើន ដែលទទួលរងភាពអយុត្តិធម៌ក្នុងបក្សប្រឆាំងមួយនេះ។ គេអាចប៉ាន់ប្រមាណគិតទុកជាមុនថា បក្សប្រឆាំងបានដើរដល់មាត់ជ្រោះមរណៈហើយ ពោលគឺក្បាលត្រូវបានពុះបំបែកជាពីរ ដើមទ្រូង និងដងខ្លួនក៏ពុះហែកជាពីរ ហើយជើងទាំងពីរក៏ចាប់ផ្តើមហែកចេញពីគ្នាដែរ។
ក្នុងស្ថានភាពដ៏ត្រដាបត្រដួស និងខ្សោះខ្យល់នេះ ពិបាកនឹងរកអ្នកជំនាញជាន់ខ្ពស់ផ្នែកសង្គ្រាមចិត្តសាស្ត្រណាមកសង្គ្រោះបានឡើយព្រោះ៖
១៖ ឥទ្ធិពលរបស់ប្រធានទេវតាដែលប្រៀបបាននឹង «សក្កទេវរាជ» បាន និងកំពុងគ្របសង្កត់ពីលើជុំវិញព្រះអាទិត្យជុំជិត។
២៖ កម្លាំងខ្យល់កួចកំពុងបក់បោកខ្លាំងក្នុងបន្ទាយព្រះអាទិត្យ ដែលកន្លងមកភ្លឺដោយសារពន្លឺទាននោះ ឥឡូវពន្លឺទានបានរលត់ទៅហើយដែរ។ ក្តីស្រមៃរបស់ប្រធានភ្លើងទានដែលចង់ប្រកួតប្រជែងជាមួយ សក្កទេវរាជ ត្រូវបរាជ័យរួចទៅហើយ គឺទណ្ឌិតរូបនោះបានប្រកាសលាឈប់ និងលើកទង់ជ័យសចុះចាញ់ដោយខ្លួនឯង។ អរគុណនូវម្ចាស់យុទ្ធសាស្ត្រ «មានសែនអត់ស៊ី មានស៊ីអត់សែន» ឥឡូវបាបកម្មនេះបានធ្លាក់ទៅលើអ្នកចាញ់សម្បថ។ បក្សសង្គ្រោះជាតិនៅពេលនេះ កំពុងស្ថិតក្នុងស្ថានភាពខ្សោះខ្យល់ ដោយសារចរន្តចាកចេញពីបក្សយ៉ាងគំហុកដូចទឹកបាក់ទំនប់ ដែលបណ្តាលមកពីបញ្ហាបក្ខពួកនិយម គ្រួសារនិយម ភាពអយុត្តិធម៌ក្នុងបក្ស និងមួយទៀតកំពុងមានភាពវឹកវរច្របូកច្របល់ក្នុងបក្ស ដោយសារការក្បត់គ្នា ដណ្តើមអំណាច ប្រជែងយកតំណែង រវាងនិកាយ សម រង្ស៊ី និងនិកាយ កឹម សុខា៕
ដោយ៖ ជ័យ កម្ពុជា