(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ក្រសួងនឹងរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៧ ក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» ក្នុងគោលបំណងលើក កម្ពស់សមត្ថភាពអាន ស្មួតកំណាព្យ និងការតែងនិពន្ធ ដើម្បីរួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។
ក្រសួងអប់រំ បានបញ្ជាក់ថា ទិវាជាតិអំណាននេះ នឹងប្រារព្ធឡើង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏សូមអញ្ជើនដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សង្គមស៉ីវិល អង្គការជាតិ អន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សិស្ស និស្សិត បញ្ញាវន្ត កម្មករ និយោជក កងកម្លាំងប្រដាប់អាវុធ សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករ ព្រោះទិវានេះ នឹងមានការប្រឡងអាន ស្មូតកំណាព្យ និងមានការតាំងពិព័រណ៌ផងដែរ៕