(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើការងារជាមួយនឹងវិស័យដោះមីន បានបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវការពេលវេលា១០ឆ្នាំទៀត និងថវិកាជាង៤០០លានដុល្លារផងដែរ ដើម្បីដោះគ្រាប់បែកដែលទម្លាក់ដោយអាមេរិក គ្រាប់មីន និងយុទ្ធភណ្ឌមិនផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា។
ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ដើម្បីសម្រេចបានក្នុងការ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញឲ្យអស់ពីទឹកដីកម្ពុជា ផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋនោះ អាជ្ញាធរមីនបាននឹងកំពុង ប្រឹងប្រែងស្វះស្វែងរកជំនួយដើម្បីគាំទ្រ ដល់វិស័យបោសសម្អាតមីន ដោយរយៈពេល១០ឆ្នាំ ត្រូវការថវិកាជាង៤០០លាន ដុល្លារឬ១ឆ្នាំៗ ៤០លានដុល្លារ។
មន្ត្រីដដែលរូបនេះបានថ្លែងទៀតថា ដើម្បីសម្រេចបានការងារនេះ លោកនិងខិតខំអំពាវនាវ ទៅដល់ប្រទេសនានាក៏ដូចជា ដៃគូអភិវឌ្ឍន៍ នៅលើពិភពលោក ឲ្យចូលរួមឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន ដែលបន្សល់ទុកក្នុងសម័យសង្គ្រាម រហូតមកដល់បច្ចុប្បន្ននេះ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងធ្វើការអំពាវនាវជាចំហ ដែលអាទិភាពដំបូង អំពាវនាវដល់ប្រទេសដែលពាក់ព័ន្ធសង្គ្រាម ពីអតីតកកាល នៅកម្ពុជា។ ទី២ យើងនឹងអំពាវនាវរកជំនួយ ពីប្រទេសផ្សេងទៀត ដែលគេយល់ដឹងច្បាស់ពីសង្គ្រាម នៅកម្ពុជា និងទី៣ យើងនឹងទាក់ទៅ អង្គការសហប្រជាជាតិ ដោយសារតែនៅក្នុងអនុសញ្ញា អូតាវ៉ា យើងមាន១៦២ប្រទេស ដែលជារដ្ឋ ភាគីនិងរដ្ឋមិនភាគី ទាក់ទងទៅនឹងការមិនផលិត និងការ មិនស្តុកទុកគ្រាប់មីន គ្រាប់បែក....គឺយើងអំពាវនាវទៅគ្រប់សមាជិកឲ្យបានយល់ ពីស្ថានភាពនៅកម្ពុជា និងយល់ពីនយោបាយ បើកចំហទាក់ទង ទៅនឹងមនុស្សធម៌ នៅកម្ពុជា ជាពិសេសបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ»។
រយៈពេល២៥ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ កម្ពុជាបានរំដោះដីមានមីន បានជាង១៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋសម្រាប់កសាង ភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ក្នុងនោះបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះជិត៤លានគ្រាប់ ខណៈនៅសល់ផ្ទៃដីជិត២ពាន់គីឡូម៉ែត្រក្រឡាទៀត មិនទាន់រំដោះបាន ដែលទាមទារចំណាយពេល១០ឆ្នាំ និងថវិកាជាង៤០០លានដុល្លារ។
សូមជម្រាបថា ក្នុងសង្គ្រាមឥណ្ឌូចិន មហាអំណាចសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។
ចំពោះការទម្លាក់គ្រាប់បែក លើប្រទេសកម្ពុជា ស្លាប់ប្រជាជនកម្ពុជា អាមេរិកមិនដែលហ៊ានចេញមុខទទួលខុសត្រូវ និងចេញសេចក្តីការណ៍សូមទោស ចំពោះកម្ពុជាឡើយ លើសពីនេះថែមទាំងទារបំណុលថ្លៃគ្រាប់បែកទាំងនោះទៀត ដែលទង្វើទាំងនេះត្រូវបានប្រជាជនកម្ពុជាចាត់ទុកថា «អាមេរិកមិនសម ជាប្រទេសមហាអំណាចឡើយ»៕