(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជំរុញឲ្យនារីទាំងអស់ ចូលរួមថែរក្សាវប្បធម៌ សន្តិភាពស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិយើង ខណៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ លោកបានផ្ដល់សិទ្ធិ តួនាទី និងឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញបែបនេះ ខណៈលោកស្រីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របស់ក្រសួងធម្មការ និងសាសនា ប្រមាណជាង១៥០នាក់ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។
លោកស្ដ្រីបានបញ្ជាក់ថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយការបង្កើតឲ្យមានសមាគមនេះឡើង គឺដើម្បីងាយស្រួល ក្នុងការទំនាក់ទំនងជាមួយស្ដ្រីដូចគ្នា ជាពិសេសការគ្រប់គ្រងអង្គការ សហជីព ក្នុងការគោរពច្បាប់ឲ្យបានល្អប្រសើរ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្ដទុកដាក់លើកកម្ពស់ និងផ្ដល់លទ្ធភាព ដល់បងប្អូនជាស្ត្រី ដើម្បីឲ្យបងប្អូនជាស្ដ្រីមានឱកាស ចូលរួមអភិវឌ្ឍន៍សង្គម និងចូលរួមក្នុងឆាកនយោបាយ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ នារីត្រូវបំបិតសិទ្ធិសេរីភាព មាក់ងាយពីបុរស និងសង្គមបញ្ហាទាំងនេះ ដោយសារកម្ពុជា ឆ្លងកាត់សង្គ្រាមផង បែកបាក់ពីអតីតកាល ។ ប៉ុន្តែតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខ សន្តិភាព យ៉ាងពេញលេញនៅ ទូទាំងប្រទេស ជាពិសេសជោគជ័យដ៍ធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូច ធំ នៅទីក្រុង ទីប្រជុំជននានាទូទាំងប្រទេស ជាពិសេសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី មែន សំអន ក៍បានផ្តាំផ្ញើដល់បងប្អូនស្ត្រីទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិយើង។ បងប្អូនដែលជាតំណាងស្ត្រីទាំងអស់ ត្រូវចូលរួមអប់រំ បងប្អូនស្ត្រី ឲ្យយល់ដឹង ពីតម្លៃស្ដ្រី ក្នុងឆាកនយោបាយ និងនៅតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជនផងដែរ៕