(ឧត្តរមានជ័យ)៖ នៅយប់ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ស្ត្រីម្នាក់ត្រូវបានប្តីរបស់ខ្លួន ជាមន្ត្រីនគរបាលបាញ់សម្លាប់គួរឲ្យអណោចអាធ័ម ពីព្រោះតែភ្លើងប្រច័ណ្ឌ។ ហេតុការណ៍បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ពីសំណាក់មន្ត្រីនគរបាលរូបនេះ បានកើតឡើងយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង។
ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះជនរងគ្រោះ បាននិយាយថា ជនដៃដល់ឈ្មោះ បូរិន ជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ ផ្នែកព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំណែកជនរងគ្រោះជាប្រពន្ធចុងមានឈ្មោះ ស្រី ពៅ។
បើតាមប្រជាពលរដ្ឋ ករណីបាញ់ប្រហារលើប្រពន្ធខ្លួនឯងរហូតដល់ស្លាប់នេះ កើតឡើងដោយសារតែភ្លើងប្រច័ណ្ឌ ប៉ុន្តែរឿងស៊ីជំរៅ បែបណា គេមិនទាន់ដឹងច្បាស់នោះទេ។
បច្ចុប្បន្ន ជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕