(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីសាលក្រមសម្រេចរបស់ខ្លួន ស្ដីពីការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជា ប្រធានាធិបតីនៅម៉ោង១១ព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ នេះបើតាមអ្នកនាំពាក្យតុលាការធម្មនុញ្ញ លោក បេ បូយុន (Bae Bo-yoon) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
សភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងកាលពីខែធ្នូកន្លងទៅ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល។ មិនតែប៉ុណ្ណោះ លោកស្រីក៏ត្រូវគេចោទប្រកាន់ផងដែរថា មិនបានបំពេញកាតព្វកិច្ចគ្រប់គ្រាន់ ក្នុងការការពារអាយុជីវិតជនរងគ្រោះ ដែលបានស្លាប់បាត់ជីវិតជាង ៣០០នាក់ នៅក្នុងសោកនាដកម្មលិចសាឡង់ដឹកអ្នកដំណើរ Sewol កាលពីឆ្នាំ២០១៤។
គួរបញ្ជាក់ថា បើសិនជាចៅក្រមប្រកាសលោកស្រី ផាក គួរតែត្រូវបានទម្លាក់ចេញពីតំណែងនោះលោកស្រីនឹងត្រូវអស់តួនាទីជាប្រធានាធិបតីជាផ្លូវការ រីឯការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងត្រូវប្រព្រឹត្តទៅនៅរយៈពេល៦០ថ្ងៃបន្ទាប់។ ក៏ប៉ុន្តែផ្ទុយទៅវិញ បើសិនជាចៅក្រមបដិសេធ នោះលោកស្រី ផាក អាចនឹងត្រឡប់មកកាន់អំណាចវិញភ្លាមៗ ហើយនឹងអាចបន្តអណត្តិរបស់ខ្លួនរហូតដល់ខែកុម្ភៈឆ្នាំក្រោយឯណោះ៕