(ភ្នំពេញ)៖ សម្លេងបែកធ្លាយពិភាក្សាគ្នារឿងនយោបាយដណ្តើមបក្សរវាងមេដឹកនាំកំពូលនៃបក្សទេវតា និងបក្សព្រះអាទិត្យដែលផ្អើលមនុស្សស្ទើរ មួយនគរ ឥឡូវនេះកំពុងក្លាយទៅប្រធានបទដ៏ក្តៅគគុករយៈពេលប៉ុន្មានថ្ងៃនេះ មិនចាញ់រឿង Wikileaks ទម្លាយឯកសាររាប់ពាន់របស់ CIA នោះទេ។
នៅពេលសម្លេងមេទ័ពដែលទើបដណ្តើមបានជំរុំព្រះអាទិត្យមកគ្រប់គ្រងលោក កឹម សុខា និយាយជជែកគ្នាជាមួយមេទ័ពជំរុំទេវតានាយករដ្ឋមន្រ្តី ហ៊ុន សែន បែកធ្លាយតាមបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយ អតីតមេទ័ពចាញ់ច្រើនអាណត្តិ និងក៏កំពុងស្ថិតនៅក្រៅសង្វៀននយោបាយផងនោះ បានចេញមុខមកអះអាងភ្លាមមុនម្ចាស់សម្លេងថា ជាសម្លេងកាត់ត មិនមែនជាការពិត និងបាននិយាយថា ពួកយើងមិនក្បត់គ្នាទេ, ប៉ុន្តែអ្វីៗត្រូវបាន ខុសឆ្ងាយស្រឡះដូចភពផែនដី ទៅភពផ្លុងតូអញ្ជឹង ព្រោះម្ចាស់សម្លេងទាំងពីរបានសារភាពថា ជាសម្លេងពិតប្រាកដរបស់ខ្លួន។ ចំណែកភាពស្មោះ ឬមិនស្មោះផ្នែកនយោបាយ នៃអ្នកទាំងពីរយ៉ាងណានោះ សូមអានលិខិតមិត្តអ្នកអាន ដែលផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារទាំងស្រុង៖
១៖ ទីបំផុត កឹម សុខា បានសារភាពនៅចំពោះមុខគណៈកម្មាធិការអចិន្រ្តៃយ៍បក្ស ព្រះអាទិត្យថា ខ្សែអាត់សំឡេងឆ្លើយឆ្លងតាមទូរស័ព្ទជាមួយ មេបក្សទេវតា គឺជាសំឡេងរបស់ខ្លួនពិតប្រាកដ មិនដូចអ្វីដែលលោក សម រង្ស៊ី និយាយប្រាប់គេប្រាប់ឯងពេញនគរទាំងមិនដឹងខ្យល់ថា ជាសំឡេងកាត់ត និងភូតកុហកទៅវិញ! ការសារភាព គឺមានន័យថា ជាការទទួលស្គាល់ការពិត ! ការពិត គឺមានន័យថា កឹម សុខា មិនបាននិយាយការពិតប្រាប់ សម រង្ស៊ី នោះឡើយ! មិននិយាយប្រាប់ ដោយសារនោះជាផែនការក្បត់ ដើម្បីធ្វើបក្សប្រហារ ហើយបើមិននិយាយប្រាប់ក៏មានន័យថា ជាមនុស្សមិនស្មោះត្រង់ ដែរ! សរុបនិយាយខ្លីងាយស្រួលយល់គឺថា បើ កឹម សុខា ស្មោះត្រង់នឹង សម រង្ស៊ី ដែលជាអតីតមេបក្សព្រះអាទិត្យ នោះក៏មានន័យថា កឹម សុខា ស្មោះត្រង់ណាស់នឹងមេបក្សទេវតាដែរ! ហើយបើ កឹម សុខា មិនស្មោះត្រង់នឹងមេបក្សទេវតា នោះក៏មានន័យថា កឹម សុខា ក្បត់ ឬនឹងក្បត់នឹងអតីត មេបក្សព្រះអាទិត្យដែរ ! បើការលួចទាក់ទងឆ្លើយឆ្លងជាមួយមេបក្សទេវតារៀបចំផែនការសំងាត់ ឡើងធ្វើមេបក្សជំនួស សម រង្ស៊ី គឺជារឿងពិតទៅហើយ ហេតុដូចម្តេចបានជា កឹម សុខា មិនលាលែងដើម្បីឱ្យអស់ការសង្ស័យក្នុងបក្ស? ចម្លើយ កឹម សុខា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍បក្សព្រះអាទិត្យ គឺថា មិនលាលែងនោះទេ! បើលាលែង មានតែមនុស្សឆោតល្ងង់ដូច សម រង្ស៊ី !
២៖ តាមពិតក្នុងន័យនយោបាយ មិត្តហើយនិងសត្រូវ គឺមិនពិតប្រាកដ ហើយប្រែប្រួលមិនទៀងទាត់នោះទេ! សត្រូវថ្ងៃនេះ អាចក្លាយជាមិត្តថ្ងៃស្អែក! សម្ព័ន្ធមិត្តស្មោះត្រង់បំផុតថ្ងៃនេះ ក៏អាចក្លាយជាសត្រូវនៅក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែរ។
៣៖ នៅក្នុងសង្គមមនុស្សបច្ចុប្បន្ន របៀបធ្វើឱ្យជឿជាក់ និងប្រាកដប្រជាអាចមានពីររបៀប៖ បើមិនជឿ គេឱ្យស្បថ ហើយដើម្បីច្បាស់ គឺត្រូវធ្វើកិច្ចសន្យា! ប៉ុន្តែ ក្នុងរឿងនយោបាយវិញគឺផ្សេង។ ក្នុងរឿងនយោបាយការជឿជាក់ គឺត្រូវមើលលើប្រយោជន៍! សម រង្ស៊ី ជាមនុស្សជឿលើខ្លួនឯង ជាងនរណាៗទាំងអស់! ចុងក្រោយ សូម្បីគណបក្សក៏លោក សម រង្ស៊ី ដាក់ឈ្មោះខ្លួនឯងដែរ។ ពេលទៅរួមគ្នាបង្កើតបក្សព្រះអាទិត្យជាមួយ កឹម សុខា សម រង្ស៊ី ទុកឱ្យ គង់ គាំ ធ្វើមេបក្សភ្លើងទៀនជំនួសខ្លួន ប៉ុន្តែ សម រង្ស៊ី នៅតែមិនទុកចិត្ត! សម រង្ស៊ី បានកែប្រែលក្ខន្តិកៈ ដោយចែងថា នៅពេលខ្លួន បែកពី កឹម សុខា ត្រឡប់ទៅកាន់បក្សភ្លើងទៀនវិញ គឺត្រូវឡើងធ្វើជាប្រធានបក្សដោយស្វ័យប្រវត្តិ។ នេះគេថា មិនជឿទុកចិត្ត សូម្បីតែចំពោះ គង់ គាំ ដែលជាខ្លាចាស់បាក់ចង្គូម និងជាសម្ព័ន្ធមិត្តចាស់ដុះស្នែងរបស់ខ្លួនក៏ដោយ! ពេលខ្លះសូម្បីខ្លួនឯងក៏អាចក្បត់បានដែរ រឿងអីត្រូវទៅជឿអ្នកដទៃ!
៤៖ ចុងក្រោយ កឹម សុខា ដែលជាមនុស្សមិនស្មោះត្រង់នឹងប្រពន្ធខ្លួនឯងផង បែរជា សម រង្ស៊ី ចាត់ទុកជាដៃគូស្លាប់រស់ និងស្មោះត្រង់បំផុតសម្រាប់ ខ្លួនឯងទៅវិញ! មើលទៅ អ្នកនយោបាយចាញ់ចាស់វស្សាមួយនេះ ប្រាកដជាបន្តរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន មិនឱ្យបាត់បង់ឡើយ! កឹម សុខា នឹងឆ្លៀត ឱកាសនេះបន្តប្រើ សម រង្ស៊ី និងក្រុម សម រង្ស៊ី ឱ្យធ្វើនយោបាយឱ្យខ្លួន រហូតដល់ការបោះឆ្នោត២០១៨។ ក្រោយ ២០១៨ លទ្ធផលនឹងនៅក្នុង ដៃបក្សព្រះអាទិត្យដែលមានពណ៌លឿង ហើយ សម រង្ស៊ី អាចដើរចេញបានដោយដៃទទេ។
៥៖ ហេតុអ្វីបានជាសារឆ្លើយឆ្លងរវាងមេបក្សទេវតា និង កឹម សុខា ព្រមទាំងក្រុម កឹម សុខា ត្រូវបានបែកធ្លាយ? អ្នកខ្លះយល់ថា ដោយសារ កឹម សុខា ក្បត់មេបក្សទេវតា ហើយស្មោះត្រង់នឹង សម រង្ស៊ី ! ស្តាប់មួយភ្លែតដូចសមរម្យម្យ៉ាងផស់គេដែរ ប៉ុន្តែបើវិភាគឱ្យស៊ីជម្រៅ ការយល់ឃើញដូចនេះ គឺខ្វះភាពសមហេតុផលផ្នែកនយោបាយ ! បំណងរបស់មេបក្សទេវតាក្នុងការរៀបចំផែនការឱ្យ កឹម សុខា ឡើងធ្វើមេបក្សព្រះអាទិត្យ គឺបានសម្រេចអស់ ហើយ ដូចនេះ កឹម សុខា នឹងក្លាយទៅជាដៃគូនយោបាយទៅថ្ងៃមុខជាមួយមេបក្សទេវតា។
បន្ទាប់ពីការអបអរសាទរតាមបែបការទូត មេបក្សទេវតាបានចាប់ផ្តើមវៃប្រហារ ដើម្បីជាការស្វាគមន៍មេបក្សថ្មីនៃបក្សព្រះអាទិត្យ ដើម្បីតេស្តមើល ប្រជាប្រិយភាពនយោបាយរបស់មេបក្សថ្មីនេះផង ហើយទន្ទឹមនេះ ក៏ជាការបញ្ជូនសារមួយទៅឱ្យ សម រង្ស៊ី ដើម្បីឱ្យ សម រង្ស៊ី ទុកផ្លូវរស់មួយ សម្រាប់ខ្លួនឯង។ ចង់មិនចង់ មេបក្សទេវតា ដែលជាមានគុណសម្បត្តិមហាធំធេងក្នុងការកសាងសន្តិភាពឱ្យនគរនេះ កាន់ទ័ពយ៉ាងណែន ក្នុងដៃការពារនគរនេះ និងមានប្រជាប្រិយភាពធំធេងនៅឡើយ គឺនៅតែជាឆ្អឹងខ្នងដែលជាបង្អែកដ៏រឹងមាំមិនអាចខ្វះបានសម្រាប់នគរ និងឆាកនយោបាយខ្មែរ។ សម រង្ស៊ី ក៏គង់ត្រូវការមេបក្សទេវតា ដូចនេះ សម រង្ស៊ី គួរគិតផ្លូវរស់សម្រាប់ខ្លួនឯង គួរចេះផ្តល់ឱកាសឱ្យខ្លួនឯង ទាន់អ្វីៗមិនទាន់ហួសពេល! សម រង្សុី មិនអាចធ្វើអត្តឃាតនយោបាយ ដោយមិនផ្តល់ផ្លូវរស់សម្រាប់ខ្លួនឯង ដល់ថ្នាក់ឆោតល្ងង់សុខចិត្តឱ្យ កឹម សុខា លេបយកបក្សទាំងមូល ក្នុងហេតុផលដើម្បីការពារបក្ស កុំឱ្យ កឹម សុខា ដើរចេញនាំឱ្យបក្សបែកនោះទេ។
ចំណែកឯ កឹម សុខា គឺនៅតែជា កឹម សុខា ដែលជាមនុស្សឱកាសនិយម ជាអ្នកស្វែងរកឱកាសប្រមូលផលប្រយោជន៍! បើ កឹម សុខា ជាមនុស្ស ស្មោះត្រង់ពិតប្រាកដនឹង សម រង្ស៊ី គួរណាស់ កឹម សុខា ធ្វើជាអ្នកក្លាហាន លាលែង និងដើរចេញពីបក្ស ហើយដើរតួនយោបាយដូច សម រង្ស៊ី ដើម្បីភាពរឹងមាំរបស់បក្សព្រះអាទិត្យ ដែលតែងអះអាងថា នរណាធ្វើប្រធានមិនសំខាន់នោះទេ។
ប៉ុន្តែមិនអាចទេ! កឹម សុខា មិនអាចឆោតល្ងង់ដូច សម រង្ស៊ី នោះទេ ជាពិសេសនៅពេលចំណីមកដល់មាត់ហើយ។ កឹម សុខា មិនអាចធ្វើជាអាយ៉ង របស់ សម រង្ស៊ី ទេ ប៉ុន្តែតាមពិតចាប់ពីពេលនេះតទៅ សម រង្ស៊ី ទេ ដែលត្រូវធ្វើនយោបាយបម្រើឱ្យ កឹម សុខា ក្នុងនាមជាអាយ៉ងរបស់ កឹម សុខា។ តាមពិតសម្រាប់ធ្វើជាអាយ៉ងរបស់ កឹម សុខា ក៏មិនខូចខាតអ្វីទេ! ទីបំផុតអ្នកនយោបាយនៅតែបម្រើភាពស្មោះត្រង់របស់ខ្លួន ជានិច្ចជាមួយនឹង ផលប្រយោជន៍! ផលប្រយោជន៍នៅតែជាកត្តាកំណត់ក្នុងរឿងនយោបាយ ទាំងក្នុង ទាំងក្រៅ !
ដោយ៖ បក្សីចាំក្រុង