(ណាតូ)៖ សមយុទ្ធយោធា Joint Viking 2017 របស់អង្គការណាតូ បានចាប់ផ្ដើមហើយ ដោយមានការចូលរួមពីសំណាក់ យោធា៨០០០នាក់ នៅឯភាគខាងជើងប្រទេសន័រវែស ខណៈទីក្រុងមូស្គូកំពុងតាមដានយកចិត្តទុកដាក់ ត្បិតសម យុទ្ធយោធានេះ ធ្វើឡើងមិនឆ្ងាយប៉ុន្មាននោះទេ ពីព្រំដែនរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
សមយុទ្ធយោធា Joint Viking 2017 មានការចូលរួមដោយយោធាអាមេរិក ន័រវែស និងអង់គ្លេស បានចាប់ផ្ដើមកាលពីថ្ងៃទី០៦ ខែមីនា នៅក្នុងតំបន់ Finnmark នៃភាគខាងជើងប្រទេសន័រវែស ស្ថិតនៅចំងាយចន្លោះពី១៦០គីឡូម៉ែត្រ និង៣០០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ហើយនឹងត្រូវបញ្ចប់ នៅថ្ងៃទី១៥ ខែមីនា។ ចំណែកឯទីក្រុងមូស្គូក៏បានទទួលដំណឹងពី សមយុទ្ធយោធានេះដែរ។ នេះបើតាមអ្នកនាំពាក្យយោធាន័រវែស។
គួរបញ្ជាក់ថា យោធាសរុបជាង ៨,០០០នាក់ ក្នុងនោះមានយោធាអាមេរិក និងអង់គ្លេស ៧០០នាក់ បានចូលរួម នៅក្នុងសមយុទ្ធយោធា Joint Viking 2017 នៅ ន័រវែស ដែលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ គិតចាប់តាំងពី ឆ្នាំ២០១៣មក។ ប៉ុន្តែជាទម្លាប់ វាក៏តែងតែធ្វើឱ្យរុស្ស៊ីក្ដៅស្លឹកត្រចៀកផងដែរ ដោយបានហៅការធ្វើសមយុទ្ធ យោធាបែបនេះ នៅជិតតំបន់ព្រំដែនរបស់ខ្លួន គឺជាសកម្មភាពបង្ករឿង ហើយរុស្ស៊ីបានដឹកនាំសមយុទ្ធយោធា ទ្រង់ទ្រាយធំជាច្រើន ដើម្បីឆ្លើយតបទៅនឹងការធ្វើលំហាត់សឹករបស់ អង្គការណាតូ៕