(កំពង់ស្ពឺ)៖ គ្រាប់បែកដ៏គ្រោះថ្នាក់ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវបានកម្លាំងមន្ត្រី CMAC បន្តដោះបានទៀតហើយ នៅលើកទឹកដីខេត្តកំពង់ស្ពឺ និងព្រះសីហនុ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក្រុ​មជំនាញ CMAC មួយក្រុមបានឆ្លើយតបបោសសំអាតគ្រាប់បែកទំលាក់ ពីយន្តហោះអាមេរិកកាំង​ នៅភូមិព្រៃឈើទាល​ ឃុំព្រៃក្មេង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់សឺ្ព​ ដោយបានឃើញគ្រាប់បែកទំលាក់ ពីយន្តហោះប្រភេទ M117 គ្រាប់នេះមានទំងន់ប្រមាណ​៣៥០គីឡូក្រាម​ មានទំហំនិងទំងន់ធ្ងន់ជាងគ្រាប់បែក​រកឃើញសព្វមួយដង (M82)។

​លោកបន្តថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ នៅខេត្តកំពង់ស្ពឺហើយនោះ ក្រុមជំនាញដដែលក៏បានបង្ហួស ទៅដល់ភូមិចាំស្រី​ ឃុំកំពង់សីហា​ ស្រុកកំពង់សីហា​ ខេត្តព្រះសីហនុ​ ដើម្បីដោះគ្រាប់បែកចង្កោមទំលាក់ ពីយន្តហោះអាមេរិក​ចំនួន៤គ្រាប់ ដែលត្រូវបានប្រជាពលរដ្ឋភ្ជួរប្រទះឃើញ តែសំណាងណាស់ដែលមិនផ្ទុះ​។

អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕