(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៣នាក់ និងរបួសស្រាលគ្មាន។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៣គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ស្រវឹង១លើក, មិនប្រកាន់ស្ដាំ២លើក ។
សូមបញ្ជាក់ថា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៤៥លើក បណ្ដាលឲ្យមនុស្សស្លាប់២០នាក់ របួសធ្ងន់ចំនួន៣៧នាក់ និងរងរបួសស្រាលចំនួន២៨នាក់៕