(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃអាទិត្យនេះបានអញ្ជើញចុះទស្សនា និងលើកទឹកចិត្តដល់ការតាំងពិពណ៌ទេសចរណ៍ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ដែលមាន ឈ្មោះថា «ស្លាបព្រា»។ ពិពណ៌នេះបានបើកសម្ពោធកាលពីម្សិលមិញ ក្រោមកិច្ចសហការរវាង ក្រសួងទេសចរណ៍ និងក្រុមហ៊ុន The Idea។
ពិពណ៍បានបង្ហាញនូវគំនិតឆ្នៃប្រឌិតមួយថ្មីរបស់ក្រុមហ៊ុន The Idea ដែលមានម្ចាស់ជាជនជាតិ ចិនកាត់ញូហ្សើឡែន ដោយមានបំណងចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ របស់រាជដ្ឋាភិបាល។
នៅក្នុងសកម្មភាពពិពណ៌នេះគេបានបង្ហាញពីការអប់រំដល់អ្នកលក់ និងអ្នកទិញ អំពីការទុកដាក់សំរាមដោយចេះបែងចែក ប្រភេទសំរាម ប្លាស្ទិក សរីរាង្គ សំរាមជាអំបែងកែវ ដប ឬមានជាតិពុល។ ពិសេសគេបានបង្ហាញអំពី ថង់ វេចខ្ចប់ដែល ធ្វើពីកាកអំពៅ (មិនមែនប្លាស្ទិច)។ អ្វីៗដែលគេបានធ្វើគេបានផ្តើមពីអ្នកលក់ដូរម្ហូបអាហារ នំចំណី ភេសជ្ជៈ តូចតាច។ អ្នកលក់ណាដែលបានធ្វើគំរូ ក្នុងការមិនប្រើប្រាស់ថង់ប្លាស្ទីក នឹងត្រូវបានសង ប្រាក់ត្រឡប់វិញ២០ដុល្លារ។ នេះគឺជា Idea ល្អមែន។
លោករដ្ឋមន្ត្រីបានកោតសរសើរគំនិតនេះ ហើយស្នើឲ្យក្រុមហ៊ុននេះ សហការជាមួយគ្នាជារៀងរាល់ឆ្នាំនិង ចូលរួមគ្រប់បុណ្យធំៗ ដូចបុណ្យ អុំទូក បុណ្យសមុទ្របុណ្យទន្លេ។ល៕