(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, កង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, និងបត់គ្រោះថ្នាក់២លើក, ស្រវឹង១លើក, មិនប្រកាន់ស្ដាំ១លើក និងងងុយដេក១លើក។

សូមបញ្ជាក់ថា រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៣២លើក បណ្ដាលឲ្យមនុស្សស្លាប់១៤នាក់ របួសធ្ងន់ចំនួន២២នាក់ និងរងរបួសស្រាលចំនួន២៥នាក់៕