(សេអ៊ូល)៖ ប្រទេស កូរ៉េខាងជើង ត្រូវបានគេសង្ស័យថា មានប្រើប្រាស់អាវុធគីមី និងជីវសាស្ត្រ ដែលជាអាវុធដ៏សាហាវបំផុត ដើម្បីវាយប្រហារយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងករណីដែលមានសង្គ្រាមផ្ទុះឡើង។

ថ្មីៗនេះប៉ូលីសម៉ាឡេស៊ី បានរកឃើញសារធាតុគីមីម្យ៉ាងក្នុងរាងកាយបងប្រុសមេដឹកនាំផ្តាច់ការកូរ៉េខាងជើង ដែលបានស្លាប់នៅអាកាសយាន្តដ្ឋាន អន្តរជាតិ កូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។ សារធាតុនេះមានកម្រិតពុលធ្ងន់ធ្ងរឈ្មោះ VX ដែលអាចបង្កផលប៉ះពាល់ ជាខ្លាំងដល់ប្រព័ន្ធប្រសាទ និងបង្កឱ្យមនុស្សស្លាប់ភ្លាមៗតែម្តង។

ប្រសិនបើប្រទេសកូរ៉េខាងជើង ពិតជាមានពាក់ព័ន្ធនឹងករណីឃាតកម្មនេះពិតមែននោះ វាអាចបញ្ជាក់ថា ប្រទេសផ្តាច់ការមួយនេះមិនមែន ជាប្រទេសធម្មតាឡើយ ដែលហ៊ានប្រើប្រាស់សារធាតុគីមីពុលធ្ងន់ធ្ងរបំផុត ដើម្បីធ្វើឃាតមនុស្ស។

ពាក់ព័ន្ធនឹងបញ្ហាអាវុធគីមី វាមិនខុសអំពីកម្មវិធីនុយក្លេអ៊ែរឡើយដោយសារវាសុទ្ធតែជាអាវុធគ្រោះថ្នាក់ ដែលអាចឆក់យកជីវិតមនុស្សជាច្រើន ហើយត្រូវបានគេហាមឃាត់មិនឱ្យប្រើប្រាស់ឡើយ។ កន្លងមកសហគមន៍អន្តរជាតិតែងព្យាយាមគ្រប់មធ្យោបាយ ដើម្បីស្វែងរកព័ត៌មានលម្អិត និងពិតប្រាកដស្តីពីកម្មវិធីអាវុធគីមី និងជីវសាស្ត្ររបស់ប្រទេស កូរ៉េខាងជើង។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗស្តីពីអាវុធគីមី និងជីវសាស្ត្ររបស់ប្រទេស កុម្មុយនីសមួយនេះ៖

* កូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេស ដែលមានឃ្លាំងអាវុធគីមីធំជាងគេលើលោក៖

ប្រទេសកូរ៉េខាងជើង មិនមែនជាប្រទេសហត្ថលេខី ក្នុងអនុសញ្ញាទប់ស្កាត់ការប្រើប្រាស់អាវុធគីមីអន្តរជាតិឡើយ។ ប្រទេសដ៏ឯកោមួយនេះ បានផលិតអាវុធគីមី តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ ហើយបច្ចុប្បន្នត្រូវបានគេសន្និដ្ឋានថា មានអាវុធគីមីប្រមាណជា៥,០០០តោន នេះបើយោងតាមប្រភពពីប្រទេស កូរ៉េខាងត្បូង។

ឃ្លាំងផ្ទុកអាវុធរបស់ប្រទេស កូរ៉េខាងជើង ជាឃ្លាំងអាវុធមួយក្នុងចំណោមឃ្លាំងផ្សេងទៀត ដែលធំជាងគេលើពិភពលោក និងមានសារធាតុពុល ចំនួន២៥ប្រភេទ ដែលត្រូវបានគេចាត់ទុកថា ជាភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទ ក្នុងនោះដូចជា VX ជាដើម ដែលសារធាតុនេះត្រូវបានស្រ្តីពីរនាក់ (ម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតឥណ្ឌូនេស៊ី) ប្រើប្រាស់ដើម្បីសម្លាប់បងប្រុសឪពុករួមមេដឹកនាំកូរ៉េខាងជើងគឺលោក Kim Jong-nam។

អ្វីដែលកាន់តែគួរបារម្ភនោះគឺ ប្រទេសកូរ៉េខាងជើង ក៏មានអាវុធជីវសាស្ត្រប្រមាណពី១២ ទៅ១៣ប្រភេទផងដែរ នេះជាការលើកឡើងរបស់លោក Lee Illwoo ក្រុមអ្នកវិភាគទៅលើបញ្ហាយោធា ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង។ ហេតុនេះប្រសិនបើសង្គ្រាមផ្ទុះឡើង កូរ៉េខាងជើងអាចនឹងបាញ់ ប្រហារកងកម្លាំងការពារជាតិកូរ៉េខាងត្បូង ដោយអាវុធគីមី និងជីវសាស្ត្រ តាមរយៈការទម្លាក់ពីយន្តហោះ ឬតាមរយៈការបាញ់ប្រហារដោយមីស៊ីល កាំភ្លើងធំ ឬគ្រាប់បែកដៃជាដើម។

* ភាពឈ្លានវៃកាន់តែកើនឡើងជាលំដាប់៖

សារធាតុ VX ដែលប៉ូលីសម៉ាឡេស៊ី បានរកឃើញនៅក្នុងកែវភ្នែក និងផ្ទៃមុខរបស់លោក Kim Jong Nam នេះ ក៏ធ្លាប់ត្រូវបានគេប្រើប្រាស់ ផងដែរក្នុងឆ្នាំ១៩៨៨ ដោយកងកម្លាំងលោក Saddam Hossein ដោយប្រើប្រាស់សារធាតុឧស្ម័ននេះ ដើម្បីវាយប្រហារទៅទីក្រុងHalabja របស់ពួក Kurdish ក្នុងតំបន់ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត។

ប្រសិនបើប្រទេស កូរ៉េខាងជើង ពិតជាបានប្រើប្រាស់សារធាតុ VX នេះ ដើម្បីធ្វើឃាតលោក Kim Jong Nam មែននោះ វាបង្ហាញពីភាពទំនើបមួយ កម្រិតទៀតនៃអាវុធគីមី ដែលប្រទេសនេះ បានកាន់កាប់និងប្រើប្រាស់នេះបើយោងតាមការលើកឡើងរបស់លោក Kim Dae Young អ្នកជំនាញខាងយោធាប្រចាំនៅវេទិការសន្តិសុខ និងការពារជាតិកូរ៉េខាងត្បូង។

លោក Kim បានលើកឡើងបន្ថែមថា «កូរ៉េខាងជើងទំនងជាធ្វើការតេសន៍សាកល្បងជាច្រើនលើកច្រើនសារ ជាមួយនឹងបរិមាណនៃសារធាតុគីមី ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធ្វើឃាតលោក Kim Jong Nam ដោយធ្វើយ៉ាងណាមិនបង្កផលប៉ះពាល់ដល់ជនបង្ក និងអ្នកផ្សេងទៀត ដែលនៅក្បែរ បើទោះបីជនរងគ្រោះ កំពុងស្ថិតនៅក្នុងចំណោមហ្វូងមនុស្សជាច្រើននៅអាកាសយាន្តដ្ឋានក្តី។ យ៉ាងនេះយើងមិនទាន់ច្បាស់នៅឡើយថា តើជនសង្ស័យពេលនោះ កាន់កាប់សាធាតុ VX ដោយរបៀបណានោះទេ ប៉ុន្តែអ្នកវិភាគ បញ្ជាក់ថាប្រទេស កូរ៉េខាងជើង អាចនឹងផលិតសារធាតុនេះ ដោយញែកជាពីរ ដោយវានឹងមិនផ្តល់ផលប៉ះពាល់ឡើយ រហូតទាល់តែចាក់បញ្ជូលគ្នាទើបមានគ្រោះថា្នក់។

* ផលិតអាវុធខ្នាតធំ

ការពិតទៅបើនិយាយពីការផលិតអាវុធគីមី ហាក់មិនមានភាពលំបាកពេកនោះទេ តែផលប៉ះពាល់ដោយសារធាតុគីមីទើបជារឿងគ្រោះថ្នាក់បំផុត ហេតុនេះហើយទើបបានជាមានការទាមទារការចុះហត្ថលេខាទប់ស្កាត់ការប្រើប្រាស់ និងផលិតអាវុធគីមី។ ប្រទេសកូរ៉េខាងជើងមានបំណងប្រើប្រាស់ សារធាតុគីមី ដើម្បីផលិតអាវុធក្នុងគោលដៅទប់ទល់នឹងសត្រូវ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញកូរ៉េខាងត្បូង។ គេហទំព័រផ្តល់ព័ត៌មាន យោធា Global Security.org បានឱ្យដឹងថា កូរ៉េខាងជើង បច្ចុប្បន្នមានរោងចក្រយ៉ាងហោចណាស់ប្រំាបីកន្លែងដែលអាចផលិតសារធាតុគីមី។

ចំណុចខ្សោយនៃអាវុធគីមី គឺរយៈពេលនៃផលប៉ះពាល់របស់វាឆាប់ផុតកំណត់ ហេតុនេះអាវុធថ្មីៗចាំបាច់ត្រូវផលិតជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការ។ ប្រទេសកូរ៉េខាងជើង បានផលិតនូវអាវុធគីមីរហូតដល់៥,០០០តោនក្នុងស្ទុក ដែលចំណុចចង្អុលបង្ហាញថា ប្រទេសនេះមានសមត្ថភាពខ្ពស់ក្នុងការផលិតអាវុធគីមីជាបន្តបន្ទាប់។ ក្រុមអ្នកដែលគេចខ្លួនចេញពីប្រទេស កូរ៉េខាងជើង បានប្រកាសថា អាជ្ញាធរប្រទេសផ្តាច់ការនេះ តែងតែធ្វើតេសន៍សាកល្បងអាវុធគីមីរបស់ខ្លួនទៅលើអ្នកជាប់ពន្ធធនាគារនយោបាយ។

ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា មានបន្ទប់ពិសោធន៍ទៅលើពពួកអតិសុខុមជីវសាស្ត្រចំនួន១៧កន្លែង និងទីតាំងផ្សេងទៀត ដើម្បីចិញ្ចឹម និងផលិតមេរោគ សម្រាប់ប្រើប្រាស់ជាអាវុធ។ ផ្ទុយទៅវិញមហាអំណាចអាវុធមួយនេះ បានបដិសេធថា កន្លែងទាំងនោះជាទីតាំងសម្រាប់ សិក្សាពីរបៀបការមេរោគផ្សេងៗទៅវិញ។ លោកLee បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនមេរោគគីមីទាំងនោះក្នុងឃ្លាំងនៅតាមជំរុំ យោធានីមួយៗរួចរាល់ទៅហើយ ដែលមានន័យថារដ្ឋាភិបាលក្រុង ព្យុងយ៉ាង ត្រៀមជាស្រេចក្នុងបំណងចង់ប្រើប្រាស់សារធាតុទាំងនោះដាក់ក្នុងអាវុធ ដើម្បីទប់ទល់នឹងសត្រូវ។

*ការឃាតមនុស្សដោយប្រើប្រាស់សារធាតុគីមី

រដ្ឋាភិបាលក្រុង សេអ៊ូល បានរិះគន់ទៅលើរដ្ឋាភិបាលក្រុង ព្យុងយ៉ាងថា បានប្រើប្រាស់ជាតិពុលដើម្បីធ្វើឃាតមនុស្សនាពេលកន្លងមក។ ជាក់ស្តែង កាលពីឆ្នាំ២០១១កន្លងទៅនេះ នៅលើខ្លួនជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានរកឃើញប៊ិចម្យ៉ាងដែលមានសណ្ឋានដូចជាអាវុធ ដែលមានបង្កប់ម្ជុល ប្រឡាក់ដោយសារធាតុគីមីម្យ៉ាងដែលអាចបំផ្លាញប្រព័ន្ធប្រសាទរបស់មនុស្ស។ ជនសង្ស័យរូបនេះ គ្រោងចង់នឹងសម្លាប់លោក Park Sang-hakអតីតជនជាតិកូរ៉េខាងជើង ដែលក្រោយមកបានក្លាយជាសកម្មជនប្រឆាំងរដ្ឋាភិបាល។ កន្លងមកប្រទេស កូរ៉េខាងត្បូង ក៏មានការសង្ស័យ ទៅលើរដ្ឋាភិបាលភាគខាងជើង ថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Choi Duk-kun ជាមន្ត្រីទូតកូរ៉េខាងត្បូង ក្នុងទីក្រុង Vladivostok ប្រទេស រុស្ស៊ី បន្ទាប់ពីគេបានរកឃើញថា លោកបានស្លាប់នៅពីមុខលំនៅដ្ឋានរបស់ខ្លួនកាលពីខែតុលា ឆ្នាំ១៩៩៦កន្លងទៅនេះ។ អ្វីដែលគួរចាប់ អារម្មណ៍នោះគឺ ការស៊ើបអង្កេតបានរកឃើញនូវសារធាតុគីមីម្យ៉ាងនៅក្នុងរាងកាយរបស់លោក Chio ដែលសង្ស័យថា ជាស្នាដៃរបស់ជនជាតិកូរ៉េខាងជើង៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា